(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ចាប់តាំងពីចុងខែមេសា និងដើមខែឧសភា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ (Say No To Fake News) ដែលដឹកនាំដោយក្រសួងព័ត៌មាន និងសម្របសម្រួលការអនុវត្តតាមបណ្តារាជធានី ខេត្ត ដោយមន្ទីរព័ត៌មាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្នុងមូលដ្ឋាន និងតួអង្គពាក់ព័ន្ធ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជាលទ្ធផល យុទ្ធនាការនេះបានទទួលការគាំទ្រ និងការចូលរួមដោយផ្ទាល់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបច្ចុប្បន្នបានធ្វើដំណើរដល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងតាកែវហើយ តាមរយៈការរៀបចំសកម្មភាពផ្សេងៗដូចជាការចុះជួបលោកគ្រូអ្នកគ្រូ សិស្សតាមសាលារៀន អាជីវករក្នុងផ្សារ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិលានុបដ្ឋាក គិលានុបដ្ឋាយិកានៃមន្ទីរពេទ្យបង្អែក ព្រះសង្ឃ យាយជីតាជី វេទិកាជាមួយអ្នកសារព័ត៌មាននិងអ្នកបង្កើតមាតិកាលើបណ្តាញសង្គម ការដើរក្បួនតាមទីសាធារណៈនានា សរុបចំនួន៣៣លើក និងមានមនុស្សចូលរួមប្រមាណជាង ៦,៥០០នាក់ ក្នុងមូលដ្ឋានរាជធានីខេត្តទាំង៥នេះ ដោយបានចែកខិតបណ្ណផ្សព្វផ្សាយ ស្ទិកគ័រ ផ្ទាំងព័ត៌មាន បដាផ្តល់សារអប់រំ ព្រមទាំងការផ្សព្វផ្សាយសារអប់រំជាសំឡេងដោយឃោសនសព្ទចល័តតាមទីប្រជុំជននានា និងតាមសហគមន៍ផងដែរ។

លោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា ក្នុងជំហានបន្ទាប់ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនឹងធ្វើដំណើរទៅកាន់ខេត្តកំពត កែប ព្រះស៊ីហនុ កោះកុង និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ទៅតាមកាលវិភាគកំណត់។ ស្របពេលជាមួយគ្នានេះ យុទ្ធនាការនេះបាន និងកំពុងផ្តល់ព័ត៌មានយ៉ាងសកម្មជូនប្រជាពលរដ្ឋគ្រប់ច្រកល្ហកទាំងអស់នៅទូទាំងប្រទេសអំពីវិធានការក្នុងការពារខ្លួនពីគ្រោះថ្នាក់ និងផលវិបាកនានាជាយថាហេតុបណ្តាលមកពីការចែកចាយ ការទទួលព័ត៌មានក្លែងក្លាយ ដោយមិនបានប្រុងប្រយ័ត្ន មិនបានផ្ទៀងផ្ទាត់ព័ត៌មានជាមុន។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា ក្នុងរយៈពេលដើមខែឧសភាកន្លងទៅនេះ យុទ្ធនាការបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាសាធារណៈជាមួយមាតិកាគ្រប់ទម្រង់តាមតម្រូវការទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងលើបណ្តាញសង្គមសំខាន់ៗជាពិសេសតាមហ្វេសប៊ុក តិកតុក តេឡេក្រាម ដោយបានបញ្ជ្រាបខ្លឹមសារថ្មីសរុប ជាង ១,២០០មាតិកា ក្នុងនោះយុទ្ធនាការបានចាក់បញ្ចូលខ្លឹមសារជាទម្រង់វីដេអូថ្មីសរុបចំនួន១២៤ ឃ្លីប ដើម្បីឱ្យស្របនឹងការចូលចិត្ត និងទំនោរនៃការប្រើប្រាស់ និងការចែករំលែកព័ត៌មាននាពេលបច្ចុប្បន្ន ដែលទទួលបានការផ្តល់ Like និង Share ប្រមាណ១មុឺនដង។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា សារព័ត៌មានក្នុងស្រុក និងតំបន់បានចុះផ្សាយអត្ថបទសរុបចំនួន ១៤០ ចំណងជើង អំពីសកម្មភាពយុទ្ធនាការនេះ ខណៈអង្គភាពសារព័ត៌មានវិទ្យុ និងទូរទស្សន៍ក៏បានចូលរួមផ្សព្វផ្សាយតាមរយៈការរៀបចំកម្មវិធីកិច្ចពិភាក្សាចំនួន៤លើកជាមួយអ្នកនាំពាក្យក្រសួងព័ត៌មាន អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាមួយចំនួនផងដែរ ដោយបានជជែកជុំវិញការអនុវត្តយុទ្ធនាការ វិធានការ និងកិច្ចខិតខំក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា។

ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ យុទ្ធនាការបានផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធ TRC-SMS សរុបចំនួន៩សារ ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួនជាង ២៣លាននាក់ នៅទូទាំងប្រទេស ខណៈកិច្ចសហប្រតិបត្តិនេះ នឹងដាក់ដំណើរការការផ្សព្វផ្សាយតាមរយៈcall-tune នៅក្នុងខែមិថុនាតទៅបន្ថែមទៀត។

សកម្មភាពផ្សព្វផ្សាយទាំងនេះ បានិងកំពុងចូលរួមក្នុងលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រជាពលរដ្ឋយើងឱ្យក្លាយជាពលរដ្ឋឌីជីថលល្អ គឺចេះប្រើប្រាស់ព័ត៌មាន បែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំពុលសង្គម មានប្រភពពីបណ្តាញសង្គមនានា ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសហគមន៍ និងសង្គមជាតិទាំងមូល។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី ខណៈដែលក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាមជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើសកលលោក។ ដូច្នេះ ដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាមានយុវវ័យចំនួនប្រមាណ ៦៦ភាគរយ នៃចំនួនប្រជាជនសរុប យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍និងនៅតាមភូមិឃុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានរាជធានីខេត្ត។

យុទ្ធនាការជំរុញឱ្យមានការចូលរួមខ្លាំងក្លាពីសាធារណៈជនតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការលើកទឹកចិត្តឱ្យម្នាក់ៗចូលរួមទប់ស្កាត់និងឈានទៅបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយក្នុងសង្គម ជាពិសេសការចូលរួមពី សំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ ចំនួនព័ត៌មានក្លែងក្លាយ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានកត់ត្រាទុក ព័ត៌មាន ក្លែងក្លាយ ចំនួន ១,៣៩៩ករណី៕