(ភ្នំពេញ)៖ អង្គការផ្ទះបាយកុមារ បង្កើតឡើងដើម្បីជួយដល់កុមារដែលរស់នៅក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារដើរសុំទាន កុមារដើរខាត់ស្បែកជើង ឱ្យបានទទួលអាហារហូបឆ្អែត សម្អាតខ្លួនឱ្យបានស្អាត បានសម្រាក បានលេង បានអានសៀវភៅ សរសេរអក្សរ បានកាត់សក់ កាត់ក្រចក ងូតទឹក ដោយឥតគិតថ្លៃ ពិសេសជួយជំរុញទឹកចិត្ដកុមារឱ្យចូលរៀនសូត្រជាដើម។ ដូច្នេះក្នុងនាមកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា ដែលបានដើរតួនាទីដ៏សំខាន់ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរមូលដ្ឋានលើការងារមនុស្សធម៌ គឺមិនដែលមើលរំលងនោះឡើយនូវការជួយដល់ជនងាយរងគ្រោះ និងរងគ្រោះនៅកម្ពុជា។
ជាក់ស្ដែងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជានិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកប្រគល់ជូនអង្គការផ្ទះបាយកុមារ។ ពិធីសំណេះសំណាលសួរសុខ និងផ្ដល់អំណោយមនុស្សធម៌នេះដែរ បានធ្វើឡើងក្រោមវត្ដមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីជាច្រើនរូប។
នាឱកាសនោះលោកស្រី ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។
ក្នុងឱកាសដ៏រីករាយជាមួយកុមារខាងលើនេះ លោកស្រី ពុំ ចន្ទីនី និងសហការីបានជួយរៀបចំអាហារពេលព្រឹកជាគុយទាវដ៏ឈ្ងុយឆ្ងាញ់ជូនដល់ក្មេងៗដ៏គួរស្រលាញ់នៅក្នុងផ្ទះបាយកុមារ។ ជាមួយគ្នានេះលោកស្រីអគ្គលេខាធិការក៏បានសំណេះសំណាល និងណែនាំអប់រំដល់កុមារទាំងអស់ សូមពិសាអាហារឱ្យបានត្រឹមត្រូវ កុំផ្អែមពេក ប្រៃពេក និងខ្លាញ់ច្រើនពេក កុំពិសាគ្រឿងស្រវឹង កុំសេពគ្រឿងញៀន ត្រូវរស់នៅស្អាត និងបរិភោគស្អាត។
លើសពីនោះលោកស្រីបានណែនាំលើកទឹកចិត្ដដល់កុមារទាំងអស់ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ ជាពលរដ្ឋល្អ និងជាធនធានមនុស្សសម្រាប់បម្រើសង្គមជាតិ។
ជាមួយគ្នានេះលោកស្រីក៏ណែនាំដល់កុមារដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយនាថ្ងៃនេះ សូមជួយនាំសារអំពាវនាវស្ដីពីសុខភាព និងការរស់នៅស្អាត បន្ដយកទៅផ្សព្វផ្សាយដល់មិត្ដភក្ដិ បងប្អូន និងអាណាព្យាបាលផងដែរ។
សូមជម្រាបថា ដើម្បីអបអរទិវាកុមារអន្ដរជាតិ ១មិថុនា ដែលត្រូវបានស្គាល់ថាប្រារព្ធនៅក្នុងថ្ងៃផ្សេងៗគ្នាតាមទីកន្លែងជាច្រើនជុំវិញពិភពលោក, នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនអង្គការផ្ទះបាយកុមារ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលជាជម្រកមួយសម្រាប់កុមាររស់នៅក្នុងគ្រួសារក្រខ្សត់ និងកំព្រា មកពិសាអាហារដោយឥតគិតថ្លៃ។
កាកបាទក្រហមកម្ពុជា ក៏បាននាំយកអំណោយមនុស្សធម៌នេះជាលើកទី៥ហើយ មកផ្ដល់ជូនអង្គការផ្ទះបាយកុមារ ដែលមាននូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងថវិកាចំនួន១០លានរៀល ដើម្បីជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្រដល់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមារផ្ទុកមេរោគអេដស៍ កុមាររើសអេតចាយ ជាង៨០០នាក់។
ក្នុងព្រឹកនេះមានកុមារប្រមាណ ១៥០នាក់ ដែលបានមកចូលរួមផ្ទាល់ ហើយកុមារផ្សេងទៀត ត្រូវបានអង្គការរៀបចំប្រគល់ជូនបន្តទៀត។ សព្វថ្ងៃកុមារប្រមាណ ៨៥៣នាក់ បានទទួលការផ្គត់ផ្គង់ពីផ្ទះបាយកុមារ ដោយក្នុងមួយថ្ងៃៗមានកុមារពី ១៥០នាក់ ទៅ២៥០នាក់ ដែលបានមកទទួលអាហារដោយផ្ទាល់នៅអង្គការមួយនេះ ខណៈដែលអង្គការផ្ទះបាយកុមារ បានជួយដល់សហគមន៍ចំនួន ៨ ដែលមានកុមារសរុប ៨៥៣នាក់ តាំងពីបើកទទួលជួយដល់កុមារចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០មក ដល់បច្ចុប្បន្ន ដោយកុមារទាំងនោះរួមមាន៖
១) កុមារនៅតំបន់បឹងត្របែក ១៨០នាក់
២) កុមារនៅតំបន់ជ្រោយចង្វារ ១៤០នាក់ យកស្បៀង អង្ករ សម្ភារៈសិក្សាចែកកុមារ១ដងក្នុងមួយសប្ដាហ៍
៣) កុមារនៅតំបន់ស្ទឹងមានជ័យ ម្ដុំគំនរសំរាម ៨០នាក់
៤) កុមារជួបការលំបាកនៅសាលាបឋមសិក្សាជ័យជំនះ ១៥៤នាក់
៥) កុមារជួបការលំបាកនៅសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងត្បូង ៧៥នាក់
៦) កុមារជួបការលំបាកនៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង បឹងត្របែកខាងកើត ១២៥
៧) កុមារជួបការលំបាកនៅសាលាបឋមសិក្សាចៅពញាហុក ៣៥នាក់
៨) កុមារនៅមណ្ឌលព្រៃជុំ ខេត្ដកំពង់ស្ពឺ ៦៤នាក់ (ជួយជាសាច់ អង្ករ គ្រឿងទេស សម្ភារៈសិក្សា និងសម្ភារៈអនាម័យជាដើម៕