(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានកម្មវិធី TVET ពិតជាផ្ដល់ប្រាក់ឧបត្ភម្ថ ២៨ម៉ឺនរៀលក្នុងមួយខែជូនដល់សិស្សទាំងអស់ និងទទួលបានការងារពិតប្រាកដ។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ស៊ុន មេសា បានលើកឡើងពីបញ្ហានានាដែលក្រសួងបានជួបប្រទះ ក្រោយដាក់ដំណើរការកម្មវិធី TVET កាលពីខែមករា ឆ្នាំ២០២៤ ដែលជាបវេសនកាលដំបូង។ លោក បានបន្តថា មកដល់ពេលនេះមានអ្នកស្នើឈ្មោះជាង១១៤,០០០នាក់ ក្នុងនោះអ្នកកំពុងសិក្សា និងបានបញ្ចប់ការសិក្សា ៧២,០០០នាក់ ហើយអ្នកបញ្ចប់ការសិក្សាដែលមានការងារធ្វើចំនួន ១៦,០០០នាក់ផងដែរ។
បន្ថែមពីនេះ លោកស៊ុន មេសា បានបញ្ជាក់ថាកម្មវិធី TVET សិក្សារយៈពេលខ្លី ហើយទទួលបានការងារមួយដែលមានប្រាក់ខែសមរម្យ អាចកែប្រែជីវភាពកាន់តែល្អប្រសើរ។
ដោយ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា៖ «មិនថាបងប្អូនសិក្សាបានត្រឹមថ្នាក់ទី១ក៏ដោយ ទី២ក៏ដោយ ទី៣ក៏ដោយ ទី៤ក៏ដោយ ទី៥ក៏ដោយ ឱ្យតែបងប្អូនចង់ចូលរៀន អាចចុះឈ្មោះរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្រិត C1 បានដែរ»។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក៏បានរំលេចពីការបែងចែកកាលវិភាគសម្រាប់ការសិក្សា ដែលមានរហូតដល់ទៅ៧វេនសិក្សា ដែលផ្ដល់ជាជម្រើសបន្ថែមជូនដល់ប្រជាពលរដ្ឋ ដែលមានបំណងមកសិក្សា៕