(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ស្តីពីករណីឈ្មោះ ចេង សំអាង (ហៅដាណា) អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានខ្ចីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1Y-1969 ចំនួន១គ្រឿង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ហើយមិនបានយកមកសងវិញ។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១៣៖០០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមន្ទីរពេទ្យ អោកទីនណា ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីមកសួរនាំនៅមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​តាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឲ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែមានមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ឈ្មោះ វុធ បានមកខ្ចីម៉ូតូនោះពីខ្លួនបន្តទៀត ហើយយកទៅដោយមិនឃើញយកមកឲ្យខ្លួនវិញទេ។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាត​ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមនីតិវិធី៕