(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមគ្នារៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាពលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍តំណាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានអ្នកចូលរួមសរុប១២០នាក់ ជាមន្ត្រីមន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត ក្រុង-ស្រុក និស្សិត និងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងនាមលោក អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងឱកាសនោះលោក ប្រាក់ ប៉ូលី អភិបាលរង ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីស្ថានភាពគ្រឿងញៀន និងការយកចិត្តទុកដាក់ចូលរួមដោះស្រាយពីគ្រប់មជ្ឈដ្ឋានដើម្បីផ្តល់ទំនុកចិត្តដល់អ្នកទេសចរណ៍ឲ្យមកកំសាន្តខេត្តផងដែរ។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ និងលើកឡើងថា បញ្ហាគ្រឿងញៀនគឺជាបញ្ហារួមរបស់យើងដែលតម្រូវឱ្យមានការចូលរួមពីគ្រប់សមាសភាពដោះស្រាយ ពិសេសបន្តអនុវត្តបទបញ្ជាសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្អាតចកចេញពីផ្ទៃបឹង ដោយរក្សាទឹកក្នុងផ្ទៃបឹងឲ្យថ្លាជានិច្ច និងសំណូមពរដល់អ្នកចូលរួមទាំងអស់ត្រូវផ្សព្វផ្សាយនិងទាញយក App NoDrug: https://nodrugsnacd.com/download_kh ដើម្បីយកគ្រឿងញៀនចេញពីសហគមន៍។
ក្នុងនាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនោះដែរលោក កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការ បានកោតសរសើ និងថ្លែងអំណរគុណចំពោះគ្រប់ភាគីនិងសូមចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យបានសកម្ម បន្តអនុវត្តបទបញ្ជា០១បប របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ញួន បន្តពង្រឹងអនុវត្តវិធានការណ៍រដ្ឋបាលចំពោះគ្រឹះស្ថានឯកជនក្នុងវិស័យទេសចរណ៍ បន្តរួមសហការគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីនាំក្តីសុខសាន្តដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍។
ជាមួយគ្នានេះដែរ វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងលោក ឡោ សុវិជ្ជា បានចែករំលែកចំណេះដឹងថល់សិក្ខាកាមទាំងអស់ពី ការផ្សព្វផ្សាយផែនការលេខ០១ផក ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងករណីសិក្សាអង្គច្បាប់ និងអត្ថប្រយោជន៍ របៀបទាញនិងប្រើប្រាស់ App NoDrug៕