(កំពត)៖ លោក អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍន៍ជនបទទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ មុននឹងកម្ពុជាឈានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ការលើកឡើងរបស់ លោក អ៊ិន ចន្ថា ក្នុងឱកាសដែលលោកបានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាល ដីល្បាយក្រួស និងក្រាលកៅស៊ូ DBST ចំនួន២គម្រោង ស្ថិតនៅខេត្តកំពត និងខេត្តពោធិ៍សាត់រួមមាន៖ គម្រោងទី១ ការងារស្ថាបនាផ្លូវ ក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត និងគម្រោងទី២, ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ៦៦០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ រួមជាមួយសំណង់សិល្បការ្យផ្សេង នៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នាថ្ងៃទី ២៧-២៨ ខែឧសភា ឆ្នាំ២០២៥។
លោក អ៊ិន ចន្ថា មានប្រសាសន៍ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសការបន្តជំរុញការលើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅ ជនបទ និងការលើកកម្រិតផ្លូវជនបទជាដើម សំដៅធានាដល់ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញការផ្សារ ភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ជុំវិញការអភិវឌ្ឍន៍ផ្លូវវពីរខ្សែនេះ លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងពីរខ្សែ បញ្ចប់ទៅ តាមផែនការ និងប្រកបដោយគុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់ដល់សហគមន៍មូលដ្ឋាន និងសាធារជនធ្វើដំណើរឆ្លងកាត់ជាដើម។
ទន្ទឹមគ្នានេះ លោកបានសំណូមពរដល់ម្ចាស់គម្រោងត្រូវយកចិត្តទុកលើការថែទាំឱ្យបានជាប្រចាំ ដើម្បីរក្សាគុណភាពឱ្យ បានល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់សង្គម។
នៅក្នុងការសំណេះសំណាលជាមួយអាជ្ញាធរនៃខេត្តទាំងពីរ លោកក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាល លើការជំរុញអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការងារស្ថាបនាផ្លូវជាដើម។ ជាមួយគ្នានេះ បានសំណូមពរដល់អាជ្ញាធរមូល ដ្ឋាន និងបងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាការពារសុខសន្តិភាពឱ្យខាងតែបាន ចូលរួមថែរក្សាផ្លូវនិងសំណង់សិល្បការ្យទាំងនេះ ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានច្រើនលើសលុប និងមានជំនឿទុកចិត្តលើការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយឋាមវ័ន្ត៕