(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើបានចំនួន ៣ ៣៨២ ៣២១ដើម។ កូនឈើទាំងនេះ ត្រូវចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំនៅតាមទីសាធារណៈ តាមសហគមន៍ វត្តអារាម សាលារៀនជាដើម ដើម្បីបង្កើនភាពបៃតង ឆ្ពោះទៅសម្រេចបានកម្ពុជាអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា កូនឈើដែលបណ្តុះបាននៅក្នុងឆ្នាំ២០២៥ មានចំនួន ៣ ៣៨២ ៣២១ដើម ក្នុងនោះ កូនឈើបណ្តុះចេញ ពីថ្នាលរបស់មន្ទីរបរិស្ថាន រាជធានីខេត្ត ទូទាំងប្រទេស មានចំនួនសរុប ១ ៤៤៩ ៤៣៦ដើម។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបណ្តុះនិងជូនកូនត្នោតចំនួន ៣៨៨ ៥៦៦ដើម ជូនប្រជាពលរដ្ឋដាំក្នុងពេលខាងមុខ។ ថ្នាលបណ្តុះកូនឈើតំបន់នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មានចំនួន ៣៨៣ ៨៧៧ដើម សប្បុរសជនអ្នកស្រឡាញ់បរិស្ថាន និងអង្គការដៃគូ បណ្តុះបានចំនួន ៦៧២ ៣០០ដើម រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបណ្តុះកូនត្នោតចំនួន ១២៦ ៨៣០ដើម និងសហគមន៍តំបន់ការពារធម្មជាតិ ចំនួន១២០,០០០ដើម។
ដោយឡែកឱ្យស្របតាមរដូវកាល មានភ្លៀងធ្លាក់ ក្រសួងបរិស្ថាន បានអនុវត្តយុទ្ធនាការបណ្តុះ«ពន្លកបៃតង» ដោយបានចែកកូនឈើ ដែលបានបណ្តុះនៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៥នេះ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យកទៅដាំជាបណ្តើរៗ។ រហូតមកទល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកកូនឈើចំនួន ៣១០ ១៧៨ ដើម។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានគ្រោងចែកកូនឈើ ចំនួន៣លានដើម ក្នុងនោះកូនត្នោតចំនួន១លានដើម នៅឆ្នាំ២០២៥នេះ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំបង្កើតយុទ្ធនាការ «ពន្លកបៃតង» ស្របតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើឱ្យបានច្រើននៅទូទាំងប្រទេស តាមទីសាធារណ និងទីតាំងឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងដាំស្តារព្រៃតាមសហគមន៍មូលដ្ឋាននានា។
ជាងនេះទៀត ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិច១លានដើម ចាប់តាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ និងបានចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឆ្នាំ២០២៤ យកទៅដាំនៅទូទាំងប្រទេស បានចំនួន ១,៣លានដើម៕