(តូក្យូ, ជប៉ុន)៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) ចូលជួបសម្ដែងការគួរសម ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចការ​ងារ​ផ្លូវការ នៅប្រទេសជប៉ុន។

ក្នុងជំនួបនោះ លោកប្រធានសមាគមបានគោរពថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះសម្ដេចមហាបវរធិបតី ដែលបានចំណាយពេលវេលា​ដ៏មមា​ញឹកអនុញ្ញាត​ឱ្យរូបលោក​ និងគណៈប្រតិភូសមាគម ចូលជួបសម្តែង​ការគួរសម។

លោកប្រធានសមាគម បានគោរពជម្រាបជូនសម្ដេចមហាបវរធិបតី​អំពី​សកម្មភាព និងវឌ្ឍនភាពរបស់សមាគមដែលបច្ចុប្បន្ននេះ ចំនួនសមាជិក​សមា​គមមានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាឱកាសដ៏ល្អប្រសើរ​សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនជប៉ុន សំដៅពង្រីកការវិនិ​យោគនៅកម្ពុជា។

លោកប្រធានសមាគមបានបន្តទៀតថា ក្នុងឆ្នាំ២០២៥នេះ សមាគមនឹង​រៀប​ចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញ​ការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះ លោកប្រធានសមាគមបាន​ថ្លែង​អំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់,​ សម្រប​សម្រួល​ និង​គាំទ្រសកម្មភាពការងាររបស់សមាគម ជាពិសេស​ការ​ជំរុញ និងពង្រឹងការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម,​ ដៃគូ​ និង​ ភាគីពាក់​ព័ន្ធនានានៅកម្ពុជា។

លោកប្រធានសមាគមក៏បានគោរពជម្រាបជូនអំពីផែនការសកម្មភាពសំខាន់ៗចំនួន៣ របស់សមាគម រួមមាន៖ ១) ការជំរុញសហគ្រាសធុនតូច និង​មធ្យម (SMEs) និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ នៅកម្ពុជា ២) ការ​ជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម (Agro-Processing) និង ៣) ការជំរុញការវិនិយោគលើ​សួន​ឧស្សាហ​កម្ម​ឌីជីថលនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីសោមនស្សរីករាយ​ដែលបានជួបលោកប្រធានសមាគមសាជាថ្មី និងបានវាយតម្លៃ​ខ្ពស់ចំពោះ​វឌ្ឍនភាព និងសកម្មភាពការងាររបស់សមាគម។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ជាថ្មីអំពីគោលនយោ​បាយរបស់​រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមប្រភេទឧស្សាហកម្ម និងតាមប្រទេសជាក់លាក់ ជាពិសេសការរៀបចំយន្តការ​តំបន់​សេដ្ឋកិច្ចពិសេស សម្រាប់សហគ្រាស​ និង​ប្រទេសជប៉ុន។

ចំពោះការជំរុញសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, សម្ដេចមហាបវរ​ធិបតី​បានលើកទឹកចិត្តដល់សមាគមឱ្យពិនិត្យលទ្ធភាពក្នុងការ​រៀបចំ​តំបន់​សេដ្ឋកិច្ចពិសេសដាច់ដោយឡែក នៅកម្ពុជា (Exclusive Special Economic Zone - ESEZ) សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ដោយសម្ដេចមហាបវរធិបតី បានគូស​បញ្ជាក់ពីការគាំទ្រចំពោះការដំណើរការ ESEZ នេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាគមឱ្យ​បន្តពិភាក្សាបន្ថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញការរៀបចំ ESEZ នេះ៕