(តូក្យូ, ជប៉ុន)៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក MIKI Watanabe អគ្គនាយកក្រុមហ៊ុន Watami Co., Ltd. និងជា​អគ្គ​នាយកអង្គការ School Aid Japan​ និងសហការី ចូលជួបសម្ដែងការ​គួរ​សម និងពិភាក្សាការងារនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ​ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនៅជំនួបនោះ លោកអគ្គនាយកអង្គការ School Aid Japan បានគោរពជម្រាបសម្ដេចមហាបវរធិបតីថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅកម្ពុជា រយៈពេលជាង ២ទសវត្សរ៍មកហើយ ដោយ​បាន​បើកជាមជ្ឈមណ្ឌលកុមារកំព្រានៅកម្ពុជា។ បច្ចុប្បន្នមានកុមា​រ​កំព្រា​ជាង ១០០នាក់ ដែលស្នាក់នៅ និងកំពុងសិក្សានៅក្នុងមជ្ឈមណ្ឌលនេះ។

ជាមួយគ្នានេះ អង្គការ School Aid Japan ក៏បានផ្ដល់ការបណ្ដុះ​បណ្ដាល​​​​ដល់សិស្សកម្ពុជា ដែលជាក្មេងកំព្រា ដោយមានកម្មវិធីផ្ដល់​អាហារ​ពេលព្រឹកទៅដល់សិស្សានុសិស្សនៅតាមសាលារៀន សរុបជាង ២ម៉ឺននាក់ បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លើសពីនេះ អង្គការ School Aid Japan ក៏បានបើកសាលាបង្រៀនភាសាជប៉ុនទៅដល់កូនខ្មែរផងដែរ។

លោកអគ្គនាយកអង្គការ School Aid Japan ក៏បានថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រយ៉ាងពេញលេញដល់សកម្មភាពការងាររបស់អង្គការ School Aid Japan នៅ​កម្ពុជា និងបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អង្គការ School Aid Japan មានគម្រោងកសាងអាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នង​ក្នុង​មួយឆ្នាំ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះអង្គការ School Aid Japan ដែលបានចូលរួមចំណែកការ​អភិ​វឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាល​ដល់​កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះស្របទៅ​នឹង​គោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងការលើក​កម្ពស់​វិស័យ​អប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។

សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់រាជរដ្ឋា​ភិបាល​​ទៅ​ដល់​​សកម្មភាព​របស់អង្គការ School Aid Japan នៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអង្គការ School Aid Japan បន្តសកម្មភាព​ដ៏ល្អ​ប្រពៃនេះ ដែលជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុង​ការកសាង​មូល​ធនមនុស្សនៅកម្ពុជា ឱ្យកាន់តែមានភាពរឹងមាំ៕