(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានមានជំនួបដាច់ដោយឡែកចំនួន២ ជាមួយក្រុមហ៊ុនវិនិយោគិនចិន និងក្រុមហ៊ុនវិនិយោគិនអូស្រ្តាលី ដែលកំពុងសម្រេចចិត្ត ក្នុងការដាក់ទុនវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

លោកអភិបាលខេត្ត បានទទួលជួប លោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុ ណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។

នៅក្នុងជំនួបនេះ លោកបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យស្វាយចន្ទី នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូន គណៈប្រតិភូក្រុមហ៊ុនអំពី គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទី របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់ពីជំនួបខាងលើ លោកបានទទួលជួប លោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី ហ្វាមីង ឌីវេឡុបម៉ិន ឯក. (J7-AAG Farming Development Co., Ltd) ដែលក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តដាក់ទុនវិនិយោគ និងមានគម្រោងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។

ជាការឆ្លើយតបលោកបានអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ធំ តាមរយៈការសម្លឹងឃើញអំពីសក្តានុពល និងកាលានុវត្តភាពជាច្រើនរបស់ខេត្ត។

លោក នួន ផារ័ត្ន បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន អំពីការត្រៀមរួចជាស្រេច ក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន នៅលើរាល់ឯកសាររដ្ឋបាលចាំបាច់នានា ដើម្បីធានាឱ្យដំណើរល្អប្រសើរនៃការវិនិយោគរបស់ក្រុមហ៊ុន៕