(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ២៨ ខែឧសភានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត និងមានការសោកស្ដាយជាពន់ពេកក្រៃលែងជាមួយក្រុមគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដែលបានពលីជីវិតក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ការពលីជីវិតរបស់វីរកងទ័ពកម្ពុជារូបនេះ គឺជាការបាត់បង់យោធិនដ៏ឆ្នើមមួយរូបដែលបានធ្វើពលិកម្មគ្រប់យ៉ាងក្នុងការការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន ហ៊ានតស៊ូលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរហូតដល់ថ្ងៃអវសាន្តនៃជីវិតដ៏គួរឱ្យសោកសង្រេង។

ស្ថិតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក សួន រោន បានទៅកាន់ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕