(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើលិខិតចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ចំពោះមរណភាពព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

សម្តេចពិតជាមានសេចក្តីក្រៀមក្រំក្នុងចិត្តយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹង មរណភាពរបស់ លោក សួន រ៉ោន ព្រឹន្ទបាលឯក ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ព កម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ និង ញាតិមិត្តជិតឆ្ងាយនៃសព នូវក្តីសង្វេគយ៉ាងជ្រាលជ្រៅបំផុត។ ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជា ការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែក យ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ ប្រជាជនកម្ពុជានៃយើង។

ជាមួយគ្នានេះ សម្តេចសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សួន រ៉ោន សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕