(ភ្នំពេញ)៖ តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

ការចេញថ្លែងសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ទាហានកម្ពុជា ម្នាក់ត្រូវបានពលីដោយសារតែទាហានថៃ ឆ្មក់បាញ់ដោយមិនដឹងខ្លួន កាលពីព្រឹកពព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «គឺខ្ញុំស្នើឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការស្ងប់ចិត្ត ជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃការចរចា ជៀសជាងការដោះស្រាយតាមរយៈកម្លាំងប្រដាប់អាវុធ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ អុជអាល់ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។ ក៏ដូចជាការស្អប់ជាតិសាសន៍ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍ ដែលចេញពីទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ដែលបានកើតឡើង និងគួរឱ្យសោកស្តាយ នៅក្នុងពេលវេលាដែលមានយុទ្ធជនកម្ពុជាយើងម្នាក់ បានពលី ដោយសារការបាញ់ប្រហារ វាយឆ្មក់របស់ទាហានថៃ វាជារឿងដែលគួរត្រូវជៀសវាង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «រឿងនេះខ្ញុំគួរតែត្រូវបញ្ជាក់បន្តិច អំពីបញ្ហានេះ ពិតមែនហើយខ្ញុំបានបញ្ជាក់តាមការបង្ហោះតាមទំព័រ Facebook របស់ខ្ញុំ ហើយព្រឹកនេះនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការចល័តកម្លាំងទ័ពរបស់យើង ទៅកាន់ព្រំដែន ហើយការល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់របស់យើងទៅកាន់ព្រំដែន មិនមែនទៅដើម្បីធ្វើសង្គ្រាមទេ ប៉ុន្តែ គឺជាការត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំឱ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់ និងអំពាវនាវសូម ទប់ស្កាត់កុំឱ្យបញ្ហានេះទៅរីកធំរហូតក្លាយជាជម្លោះជាតិសាសន៍ និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាល ក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះដោយការទទួលខុសត្រូវខ្ពស់។

បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។

ក្រសួងការពារជាតិបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើ ឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

ក្រសួងបានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ ខ្លួនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យ គ្នាទៅវិញទៅមក។ កម្ពុជាប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។

ក្រសួងការពារជាតិ បានអំពាវនាវឱ្យសាធារណជនទាំងអស់មេត្តាកុំជឿ និងផ្សព្វផ្សាយនៅតាម បណ្តាញ ទំនាក់ទំនងសង្គមនូវព័ត៌មានមិនពិត ដែលអាចរុញច្រានស្ថានការណ៍នៅតាមបណ្តោយព្រំដែនឱ្យមានអស្ថិរភាព និង អសន្តិសុខ ព្រមទាំងបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ព ការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋ ក៏ ដូចជារបស់ប្រទេសជាតិទាំងសងខាង៕