(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងសារពិសេសពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជាថៃ និងបានអំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។ ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា។
មានការប៉ះទង្គិចគ្នារវាងកងទ័ពថៃមកលើកងទ័ពកម្ពុជាកើតឡើងប្រមាណ១០នាទី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង០៥និង៣០នាទីព្រឹក ដោយការលបឆ្មក់ចូលមករបស់ទាហានថៃ បានបណ្ដាលឱ្យទាហានខ្មែរមួយរូប លោក ស៊ន រោន បានទទួលមរណភាព។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមានប្រជាជនបាននិងកំពុងជំលៀសខ្លួនពីភូមិមរតកតេជោ ដែលជាទីតាំងប៉ះទង្គិចគ្នាដើម្បីរក្សាសុវត្ថិភាព។ ក្នុងនោះដែរ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានទាក់ទងសូមការអនុញ្ញាតពីសម្ដេច ដើម្បីនាំយកជំនួយនានាចែកជូនដល់កងទ័ពកម្ពុជា។ បើតាមប្រសាសន៍សម្ដេច ក៏មានយុវជនម្នាក់ដែលសម្មក្នុងការចុះផ្ដល់ជំនួយដល់បងប្អូនតាមព្រៃឡង់ បានទាកទង់មកសូមចូលរួមបុណ្យសព (លោកព្រិន្ទបាលទោ ស៊ន រោន) ១០,០០០ដុល្លារផងដែរ។
ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា៖ «ខឿនការពារប្រជាជនកម្ពុជា គឺខ្លាំងណាស់ ហើយឥឡូវមានចលនាកម្លាំងទ័ពរបស់យើងឡើងទៅជួរមុខ ការផ្គត់ផ្គង់ត្រូវតែមាន ពីសំណាក់រដ្ឋ ពីសំណាក់ក្រសួងការពារជាតិ ពីគ្រប់ផ្នែក ប៉ុន្តែស្ថាប័នដែលចងសម្ព័ន្ធភាពក៏ត្រូវចូលរួមផងដែរ»៕