(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងបញ្ជាក់ បើទោះបីជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងទស្សនកិច្ចនៅក្រៅប្រទេសក៏ដោយ តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ដោយសារសម្តេចបានដឹងពីភូមិសាស្ត្រនោះច្បាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពនៃ ការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នាព្រឹកព្រលប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះបើទោះបីជានាយករដ្ឋមន្ត្រីនៅក្រៅប្រទេស ក៏ប៉ុន្តែសម័យឌីជីថល សម័យអនឡាញ នាយករដ្ឋមន្ត្រីអាចបញ្ជារទ័ពបានគ្រប់ពេល ព្រោះម្សិលមិញនាយករដ្ឋមន្ត្រីរវល់ខ្លាំងណាស់ក្នុងការបញ្ជារមកមេបញ្ជារការ ទៅមេបញ្ជារការកងទ័ពជើងគោក»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដោយសារតែនាយករដ្ឋមន្ត្រីកម្ពុជាជាបច្ចុប្បន្ន ធ្លាប់ជាអ្នកបានចូលប្រឡូកក្នុងសមភូមិសង្គ្រាម នៅប្រាសាទតាមន្ត តាក្របី នៅព្រះវិហារនោះឯង ទើបសម្តេចនាយករដ្ឋមន្ត្រី បានស្គាល់ និងដឹងរឿងភូមិសាស្ត្រ និងការបញ្ជារទ័ព ច្រើនជាងសម្តេចទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កន្លែងដែលកើតមានការផ្ទុះអាវុធ កាលពីម្សិលមិញនេះនៅព្រំដែន ក្នុងតំបន់មុំបី ខេត្តព្រះវិហារ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីបានជាថៃថាជាដីរបស់ពួកគេ ខណៈដែលកាលពីដើមទីនោះមានសាលាមួយនៅកន្លែងនោះ ហើយសម្តេចធ្លាប់បានទៅអង្គុយនៅសាលានោះផងដែរ ហេតុអីបានថាទៅជាដីគេទៅវិញ។
សូមបញ្ជាក់ដែរថា ក្រសួងការពារជាតិកម្ពុជា កាលពីនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីហេតុការណ៍ប៉ះទង្គិចគ្នាមួយរយៈពេលខ្លីរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ ដែលបានកើតឡើងនាព្រឹក ថ្ងៃទី២៨ ខែឧសភានេះ។ ហេតុការណ៍នេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះបានពលីជីវិត។ យោធិនរូបនោះមានឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ តួនាទីព្រិន្ទបាលឯក មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បើតាមក្រសួងការពារជាតិ ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕
</p