(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានរំលឹកអំពីក្បួនសឹក ក្នុងការវាយតទល់ជាមួយទាហានថៃ ក្នុងសង្គ្រាមដណ្តើមប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៨។

សម្តេចបានរំលឹកថា ពេលនោះ មានមន្ត្រីថៃជាន់ខ្ពស់ម្នាក់ឈ្មោះ សិទ្ធិ លីមថងគុល ចង់វ៉ៃសម្រុកចូលដើម្បីដណ្តើមយកប្រាសាទអង្គវត្តរបស់ខ្មែរ ដើម្បីដូរយកប្រសាទព្រះវិហារដែលក្បែរព្រំដែន ដែលពិបាកក្នុងការវាយលុកចូល។ សម្តេចបញ្ជាក់ថា យុទ្ធសាស្ត្របញ្ជាទ័ពបែបនេះ នឹងត្រូវវាយផ្តាច់ដោយកងទ័ពកម្ពុជាតែម្តង ហើយមិនអាចទទួលបានជោគជ័យឡើយ។

តាមរយៈវីដេអូមួយ ថ្លែងការណ៍ពិសេសពីស្ថាប័នព្រឹទ្ធសភា សម្តេចតេជោ បានលើកឡើងថា «(មន្ត្រីថៃជាន់ខ្ពស់ម្នាក់)ថា យើងត្រូវតែវ៉ៃៗៗ វ៉ៃយកអង្គរវត្ត រួចហើយ ចាំដោះដូរជាមួយប្រាសាទព្រះវិហារ ខ្ញុំ(សម្តេចតេជោ) បានបញ្ជាទៅកងទ័ព ទៅ ប៉ុល សារឿន ប្រាប់ថា សម្រាប់តំបន់ប្រាសាទព្រះវិហារពីមុំបីចូលមកដល់តាមាន់ តាក្របី អូស្មាច់ ត្រូវទប់ឱ្យជាប់ នៅកន្លែងហ្នឹង ​ដាច់ខាតអត់ឱ្យចូលទេ ប៉ុន្តែបើហ៊ានវ៉ៃខាងថ្មពួក វ៉ៃខាងប៉ោយប៉ែត បើគេចង់ចូល បើកឱ្យចូលមក»

សម្តេចបានបញ្ជាក់បន្តថា៖ «ខ្ញុំបង្ហាញពីយុទ្ធសាស្ត្ររបស់ខ្ញុំ ហេតុអ្វីបានជាត្រូវបើកឱ្យចូល ទី១៖ បញ្ជាក់ថា អ្នកឯងកំពុងវាយចូលដីរបស់ខ្ញុំហើយ ​ឱ្យពិភពលោកបានឃើញ ទី២៖ កងទ័ពកាលណា នៅមិនទាន់ពង្រាយទេ កងទ័ពនៅក្រាស់ ប៉ុន្តែកាលណាពង្រាយ​ភ្លាម គឺកងទ័ពដូចខ្សែយឺតអីចឹង កងទ័ពថៃត្រូវស្តើង បើស្តើងកងទ័ពយើង ត្រូវវ៉ៃកាត់ចូលតែម្តង»

សម្តេចបានថ្លែងថា​ មន្ត្រីថៃជាន់ខ្ពស់ម្នាក់ ដែលចង់វ៉ៃយកអង្គរវត្តដូរជាមួយប្រាសាទព្រះវិហារនេះ មិនស័ក្តិសមជាមន្ត្រីថៃជាន់ខ្ពស់ម្នាក់ទេ ប៉ុន្តែបើសិនជាមន្ត្រីថៃជាន់ខ្ពស់ម្នាក់នោះហ៊ានវ៉ៃមែនោះ នឹងចូលក្នុងយុទ្ធសាស្ត្ររបស់សម្តេចតែម្តង គឺអនុញ្ញាតឱ្យចូល ដើម្បីគោលដៅ២យ៉ាង ទី១៖ ប្រាប់ទៅពិភពលោកថា អ្នកឯងកំពុងវ៉ៃចូលដីកម្ពុជា ទី២៖ ឱ្យកងទ័ពថៃស្តើងដើម្បីវ៉ៃស្កាត់ក្នុងទឹកដីកម្ពុជា។

ទោះជាយ៉ាងនេះក្តីសម្តេចបានរំលឹកថា ទោះបីជាជម្លោះ៤ឆ្នាំ ក៏យើងមិនបានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀតទេ។ ការប្រយុទ្ធគ្នាពេលនោះ នៅត្រឹងត្រឹមវត្តកែវសិក្ខាគិរីស្វរៈ និងប្រាសាទព្រះវិហារ ប៉ុន្តែឆ្នាំ២០១១ បានរីករាលដាលមកដល់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។

សម្តេចបញ្ជាក់បន្តទៀតថា៖ «អីចឹងយើងក៏ត្រូវបម្រុងទុកនូវការឡើងកងទ័ពរបស់យើង នៅកម្លាំងខ្លាំង មិនខ្លាំងហួសហេតុទេ ប៉ុន្តែត្រៀមបម្រុងក្រែងញាក់ឆ្វេងវ៉ៃស្តាំ យើងមិនប្រហែសទេ»

</p