(ភ្នំពេញ)៖ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជានាយកប្រតិបត្តិ សហគមន៍ចម្ការស្ដេចទុរេន បានលើកឡើងថាវិស័យទុរេនកម្ពុជា ប្រៀបដូចក្រដាសពណ៌ស ដែលមិនទាន់មានស្នាមប្រឡាក់ខ្មៅនៅឡើយ ជាសញ្ញាដ៏ល្អមួយសម្រាប់កសិករដាំដុះទុរេន ត្រូវបន្តរក្សាគុណភាព សុវត្ថិភាពម្ហូបអាហារ ជូនដល់អ្នកបរិភោគ។
ដោយឃើញទីផ្សារទុរេនវៀតណាម ត្រូវបានរឹតបន្តឹងការត្រួតពិនិត្យសារធាតុគីមីហាមឃាត់់ ដែលអាចបង្កឱ្យមានជំងឺមហារីកលើអ្នកប្រើប្រាស់ បង្កក្តីបារម្ភដល់កសិករដែលជាអ្នកដាំទុរេនរបស់កម្ពុជា ដែលអាចនឹងប៉ះពាល់ដល់ទីផ្សារក្នុងស្រុក និងកេរ្តិ៍ឈ្មោះទុរេនកម្ពុជាផងដែរ បើអ្នកលក់គ្មានភាពស្មោះត្រង់ លក់ទុរេនវៀតណាមបន្លំថាជាទុរេនកម្ពុជា។
ក្នុងកិច្ចសម្ភាសជាមួយអង្គភាព Fresh News, លោក ឃឹម ប៊ុនឡែន បានបញ្ជាក់ថា បើទោះបីជាទទួលបានភ្លើងខៀវសម្រាប់ការនាំចេញទុរេន ទៅកាន់ទីផ្សារប្រទេសចិនក៏ពិតមែន ប៉ុន្តែនីតិវិធីនៃការនាំចេញនៅតែកំពុងដំណើរការនៅឡើយ។ ទន្ទឹមនឹងនេះ ប្រសិនជាកសិករមានបំណងចង់នាំចេញ ប៉ុន្តែកសិករត្រូវច្បាស់អំពីខ្សែច្រវ៉ាក់តម្លៃ ដែលត្រូវធានាឱ្យបានថា គ្រប់ផ្លែទុរេននីមួយៗដែលត្រូវនាំចេញទៅចិន គឹត្រូវតែមានគុណភាពល្អ ត្រូវតែឆ្ងាញ់ ត្រូវតែមានសុវត្ថិភាព។
បើតាមការបញ្ជាក់បន្ថែមរបស់លោក, កម្ពុជាប្រើដូចជាក្រដាសសមួយ ដែលគេមិនទាន់ដាក់ក្នុងបញ្ជីខ្មៅ (blacklist)ទេ ដូច្នេះលោកសូមអំពាវនាវដល់កសិករទាំងអា់ក្នុងវិស័យទុរេន ជាពិសេសរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ គ្រប់គ្រងត្រួតពិនិត្យតាមដានការពង្រឹងគុណភាពសុវត្ថិភាពទុរេន កុំឱ្យខូចឈ្មោះកម្ពុជា៕