(តាកែវ)៖ លោកបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន បានលើកឡើងពីវិធានការក្នុងការទប់ស្កាត់ការដាំដំណាំកញ្ឆាខុសច្បាប់ នៅតាមជំរាលភ្នំមួយចំនួន នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ។
ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន នៅច្រកទ្វាអន្តរជាតិភ្នំដិន ខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ម៉ក់ ជីតូ បានបន្តថា ដំណាំកញ្ឆាគឺជាអំពើខុសច្បាប់ ហើយទីផ្សារកញ្ឆាដែលគេលួចដាំនៅតាមជំរាលភ្នំក្នុងស្រុកកីរីវង់ គឺការនាំចេញយកទៅលក់នៅប្រទេសវៀតណាម ហើយបើទោះបីជាកន្លងមក អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធពាក់ព័ន្ធបានធ្វើការបង្រ្កាបនិងទប់ស្កាត់យ៉ាងណា នៅតែមានការលួចដាំដំណាំកញ្ឆាខុសច្បាប់បន្តបន្ទាប់។ ដូច្នោះ នឹងធ្វើផែនការច្បាស់ លាស់មួយក្នុងនោះមានការចុះផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជើងភ្នំដាំកញ្ឆា ព្រមទាំងប្រើប្រាស់ដ្រូនបង្ហោះតាមឃ្លាំមើលការលួចដាំដំណាំកញ្ឆា និងប្រើប្រាស់វិធានការច្បាប់ផងដែរ។
លោក ម៉ក់ ជីតូ មានក្ដីរំពឹងថា តាមរយៈការជួយរបស់គណៈកម្មាធិការប្រឆាំងគ្រឿងញៀនថ្នាក់ជាតិ វានឹងជួយទប់ស្កាត់ការលួចដាំដំណាំខុសច្បាប់នៅក្នុងស្រុកគីរីវង់ជាក់ជាពុំខាន។
ថ្លែងនៅក្នុងឱកាសនោះដែលលោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការប្ដេជ្ញាចិត្តក្នុងការសហការជាមួយគណៈកម្មាធិការប្រឆាំងគ្រឿងញៀនថ្នាក់ជាតិដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការលួយចដាំដំណាំកញ្ឆាខុសច្បាប់ នៅក្នងស្រុកគីរីវង់ ហើយលោកអភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់អាជ្ញាធស្រុកគីរីវង់ ជាពិសេសកំលាំងសមត្ថកិច្ចត្រូវធ្វើការសកម្មភាពអោយបានខ្លាំងក្លាក្នុងការទប់ស្កាត់ការលួចដាំដំណាំកញ្ឆាខុសច្បាប់ ហើយមិនត្រូវមានការស៊ុំគ្រលំ ឬពាក់ព័ន្ធខុសច្បាប់ជាមួយក្រុមអ្នកដាំកញ្ឆានោះទេ។ បើមានមន្រ្តីណាពាក់ព័ន្ធគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគ្មានការយោគយល់នោះទេ៕