(ស្វាយរៀង)៖ លោក ស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុករមាសហែក បានថ្លែងថា ភាពស្អាត គឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងបែបនេះរបស់លោក ស៊ូ ម៉ុល បានធ្វើឡើង ពេលដឹកនាំមន្ត្រីឃុំទាំង៦អមផ្លូវជាតិលេខ១៣ កងកម្លាំង នគរបាល យោធាស្រុក ព្រមទាំងសិស្សានុសិស្ស ចុះធ្វើអនាម័យ តាមដងផ្លូវជាតិលេខ១៣ រៀបចំសណ្តាប់ធ្នាប់ផ្សារ កំពង់ត្រាច និង ដាំកូនឈើបន្ថែម តាមចំណីដងផ្លូវជាតិលេខ១៣ចំនួន៣៣គីឡូ អស់កូនឈើចំនួន ១២,០០០ដើម (ដើម ក្រញូង ក្ងោក ស្វាយ ស្ងាន់ ) ដោយអ្នកអ្នកចូលរួម ជាង៣ ០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះរដ្ឋបាលស្រុករមាសហែក សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដែលមកពីវិទ្យាល័យ រមាសហែក និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាព ទីប្រជុំជននៅ អម ឃុំទាំង៦ ក្នុងស្រុករមាសហែក តាមបណ្តាផ្លូវជាតិ លេខ១៣ កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព។
លោកក៏បានសំណូមពរអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាព ចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ និងស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត ប្រទេសជាតិមានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងការស់នៅប្រកបដោយចីរភាព៕