(ភ្នំពេញ)៖ ថ្លែងទៅកាន់វិនិយោគិនជប៉ុនជាច្រើនក្រុមហ៊ុន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់ធុរជន និងវិនិយោគិនរបស់ជប៉ុនថា វិនិយោគនៅកម្ពុជា អាចទាញយកប្រយោជន៍ជាច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយប្រទេសនានា និងការអនុគ្រោះពន្ធផ្សេងៗ ជាមួយទីផ្សារដ៏ធំក្នុងតំបន់ និងពិភពលោក។
ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងឧស្សាហកម្មជប៉ុន (AMEICC) និង ធនាគារមីស៊ូហ៊ុ (Mizuho) ដែលមានវិនិយោគិនចូលរួមចំនួនជិត៣០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ២២៧ ក្រុមហ៊ុន ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រទេសហត្ថលេខីដ៏សំខាន់ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងសាធារណៈរដ្ឋកូរ៉, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រួមទាំងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ក្នុងនោះនឹងទទួលបានភាពអនុគ្រោះក្រោមប្រព័ន្ធ MSN, ទទួលបានប្រព័ន្ធអនុគ្រោះទូទៅ (GSP) និងប្រព័ន្ធអនុគ្រោះ EBA ជាមួយសមាជិក WTO ចំនួន១០ផ្សេងទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា នេះជាយុទ្ធសាស្រ្ដដែលកម្ពុជាអាចធំធាត់ និងពង្រីកខ្លួនឯងបានយ៉ាងល្អប្រសើរ ដោយមានប្រជាជនប្រមាណ ១៧លាននាក់ ពិតមែនទីផ្សារកម្ពុជាមិនជាធំទេ ប៉ុន្ដែបើចូលរួមក្នុងប្រព័ន្ធក្នុងក្របខណ្ឌតំបន់ ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានពង្រីកទីផ្សាររបស់កម្ពុជាបានយ៉ាងច្រើនដង។ ដូច្នេះអ្នកចូលមកវិនិយោគនៅទីផ្សារកម្ពុជា មិនត្រឹមតែវិនិយោគតែកម្ពុជាមួយនោះទេ ប៉ុន្ដែអាចចូលទៅកាន់ទីផ្សាររាប់លាននាក់នៅអាស៊ាន បូករួមជានឹង RCEP ដែលមានអូស្រ្ដាលី, ញូហ្សែឡែន នឹងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា «វិនិយោគនៅកម្ពុជា មិនមែនត្រឹមតែធ្វើត្រឹមទីផ្សារកម្ពុជាទេ ប៉ុន្ដែអាចវិនិយោគលើទីផ្សារធំជាងនេះទៅទៀត ហើយនេះជាកត្តាដែលកម្ពុជាជាផ្នែកនៃវេទិកាតំបន់»៕