(ភ្នំពេញ)៖ ការប៉ះទង្គិចគ្នារវាងកម្លាំងទាហានកម្ពុជា និងថៃ បានបង្កឱ្យយុទ្ធជនខ្មែរម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍មួយកើតឡើងក្នុងតំបន់មុំបីនៃតំបន់ព្រំដែនខេត្តព្រះវិហារ ជាប់នឹងខេត្តអ៊ូបុន រ៉ាត់ឆាថានី Ubon Ratchathani របស់ប្រទេសថៃ។ ក្រុមជ្រុលនិយមបានធ្វើអាជីវកម្មនយោបាយលើការប៉ះទង្គិចគ្នានេះ ដោយចង់ឱ្យប្រទេសកម្ពុជានិងថៃមានសង្គ្រាមជាមួយគ្នា។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ការបាត់បង់ជីវិតរបស់យុទ្ធជនខ្មែរម្នាក់នៅក្នុងការវាយប្រហារដ៏ខ្លីមួយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បាននាំឱ្យមានក្តីបារម្ភជុំវិញភាពតានតឹងនៃជម្លោះទឹកដីរវាងប្រទេសកម្ពុជានិងថៃ។ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានសន្យាថានឹងដោះស្រាយជម្លោះហិង្សានេះដោយសន្តិវិធី។ ចំណុចសំខាន់ឧប្បទ្ទវហេតុនេះ គឺមិនត្រឹមតែបញ្ហាបាត់បង់ជីវិតមនុស្សម្នាក់ប៉ុណ្ណោះ ទេ ប៉ុន្តែសម្តីអុជអាលរបស់ក្រុមជ្រុលនិយម ទាំងថៃនិងកម្ពុជា ដែលចង់ឱ្យប្រទេសទាំង២មាន ទំនាស់នឹងគ្នាដើម្បីតែមហិច្ឆិតានយោបាយរបស់ពួកគេនោះទេ ដែលជាចំណុចសំខាន់មួយក្នុងការត្រូវពិចារណារកភាពប្រុងប្រយ័ត្នដោយមិនឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាម។
ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវពលរដ្ឋរក្សាភាពស្ងប់ស្ងាត់៖ «ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើង មានការស្ងប់ចិត្តជឿជាក់ទៅលើសមត្ថភាពរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជាជឿជាក់ទៅលើលទ្ធភាពនៃការដោះស្រាយបញ្ហានេះតាមរយៈនៃកិច្ចចចារជាជាងការដោះស្រាយតាមរយៈនៃកម្លាំងប្រដាបអាវុធ។ អ្វីដែលគួរឲ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ អុជអាលដែលនាំទៅដល់សង្គ្រាមរវាងប្រទេសទាំងពីរ គឺដូចជាការសម្អប់ជាតិសាសន៍ ដែលធ្វើឱ្យប្រទេសទាំងពីរបាត់បង់នូវផលប្រយោជន៍នៅក្នុងទំនាក់ទំនងដែលទាញយកទំនាក់ទំនងសហប្រតិបត្តិការល្អ។ ពិតមែនហើយព្រឹត្តិការណ៍ដ៏គួរឱ្យសោកស្តាយ ដែលបានកើតឡើងនៅក្នុងពេលវេលាដែលមានយុជនយើងមរណភាព ពលិកម្មដោយសារការបាញ់ប្រហារក្នុងការវាយឆ្នក់ ដោយសារទាហានម្ខាងទៀត វាជារឿងដែលគួរត្រូវចៀសវាង»។
យុទ្ធជនដែលបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នាវេលាទាបភ្លឺថ្ងៃទី២៨ឧសភានៅលើទឹកដីកម្ពុជា ក្នុងតំបន់មុំបី នៃខេត្តព្រះវិហារ ត្រូវគេរាយការណ៍ថា គឺជាព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ។ មន្ត្រីកម្ពុជាបានថ្លែងថា នៅពេលដែលកងកម្លាំងយោធាកម្ពុជាកំពុងល្បាតជាប្រចាំ នៅក្នុងលេណដ្ឋានតំបន់មុំបី របស់ខ្លួន ដែលបានស្ថិតនៅលើទឹកដីខេត្តព្រះវិហារនោះ ស្រាប់តែទាហានថៃ បានលបលួចចូលមកបង្ករឿងបាញ់ប្រហារ។ ការផ្ទុះអាវុធប្រមាណ១០នាទីរវាងកងទ័ពទាំង២ ត្រូវបានបញ្ឈប់វិញភ្លាមៗ ខណៈមេបញ្ជាការនៃភាគីទាំងសងខាងបានចេញអន្តរាគមន៍។
ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំឭកថា៖ «កន្លែងដែលមានការវាយប្រហារបានកើតឡើងនោះ គឺនៅក្នុងឆ្នាំ២០០៩ សម្តេចក៏ធ្លាប់បានអង្គុយនៅទីនោះដោយខ្លួនឯងផងដែរ។ ហេតុអ្វីបានជាកន្លែងនោះ ប្រែជាក្លាយជាដីរបស់ថៃទៅវិញ»?
ឧបទ្ទវហេតុនេះ បានបន្ថែមភាពតានតឹងសាជាថ្មីដល់ជម្លោះព្រំដែនដ៏យូរអង្វែងជុំវិញប្រាសាទព្រះវិហារ ដែលជាទីតាំងប្រវត្តិសាស្ត្រ និងត្រូវបានផ្តល់មកឲ្យកម្ពុជាវិញះតាមរយៈតុលាការយុត្តិធម៌អន្តរជាតិក្នុងឆ្នាំ២០១៣។ ទោះបីជាប្រាសាទព្រះវិហារ លែងមានជម្លោះក៏ដោយ ក៏ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ នៅតែបន្តមានជម្លោះក្នុងពេលខ្លះ។
សម្តេចតេជោ បានថ្លែងបង្ហាញក្តីជឿជាក់ថា អំពើបំពានដាក់មកលើទឹកដីកម្ពុជានោះ មិនមែនជាគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃឡើយ ប៉ុន្តែកម្ពុជា ត្រូវរក្សាសិទ្ធិក្នុងកិច្ចការពារខ្លួន នៅពេលណាដែលមានការបំពានមកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំង និងគ្រឿងឧបករណ៍យោធាទៅកាន់តំបន់ព្រំដែន ប៉ុន្តែសម្តេចតេជោ បានថ្លែងថាការបញ្ជូនកងកម្លាំងទៅនេះ មិនមែនដើម្បីការធ្វើសង្គ្រាមទេ ប៉ុន្តែ «គឺជាការត្រៀមបម្រុងទុកជាយថាហេតុអាក្រក់ណាមួយ ក្នុងករណីដែលភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ គឺយើងមានសិទ្ធិការពារខ្លួន»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា៖ «ពិតមែនហើយ ខ្ញុំបានបញ្ជាក់តាមហ្វេសបុកផេករបស់ខ្ញុំ ព្រឹកនេះនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់អំពីការចល័តទ័ពរបស់យើងទៅកាន់ព្រំដែន, ការចល័តទ័ព និងអាវុធធន់ធ្ងន់របស់យើងទៅកាន់ព្រំដែន…មិនមែនធ្វើសង្គ្រាមនោះទេ ប៉ុន្តែជាការបម្រុងត្រៀមទុកនូវហេតុការអាក្រក់ ក្នុងករណីភាគីម្ខាងទៀតបំពានតែប៉ុណ្ណោះ។ គឺយើងមានសិទ្ធិការពារខ្លួន យើងមិនយកអាវុធយុទ្ធភណ្ឌ ដែលបានបញ្ជូនឡើងដែលបានទៅដល់គោលដៅ និងជិតទៅដល់គោលដៅ ដើម្បីទៅវាយប្រហារទៅកាន់ប្រទេសថៃនោះទេ។
ប៉ុន្តែសូមបញ្ជាក់ថា យើងត្រូវតែត្រៀមបំរុងទុកនូវយកថាហេតុអាក្រក់បំផុត ព្រោះថារឿងនេះ ជាបទពិសោធន៍ ដែលបានកើតឡើងពីឆ្នាំ២០០៨ដល់ឆ្នាំ២០២១ ដែលខ្ញុំចង់យកបញ្ហានេះ ជម្រាបបងប្អូននៅទីនេះក៍ដូចជាបងប្អូនជនរួមជាតិ ហើយក៍ដូចជាការជូនសារ ទៅដល់សមភាគីរបស់យើង គឺព្រះរាជាណាចក្រថៃ។ លើកនេះខ្ញុំមិនជឿថាវាជាបន្ទាត់របស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ត្រីថៃ ឬក្រសួងការពារជាតិថៃអនុញ្ញាតធ្វើបែបនេះទេ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ វាហាក់បីដូចបានកើតឡើងដោយបុគ្គល ឬអង្គភាពនៅខាងក្រោម ដែលធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ បានចាប់ផ្តើមវាយឆ្មក់ ប៉ុន្តែម៉ោង៦ល្ងាចម្សិល ក៍ត្រូវបានដកត្រឡប់ទៅវិញ។ ប្រសិនបើនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលកម្លាំងនេះ មិនត្រូវបានដកទេ អញ្ចឹងវាច្បាស់ណាស់ថាមិនមែនជាបន្ទាត់នយោបាយរបស់រដ្ឋាភិបាលថៃ ឬក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំមូលនោះទេ ប៉ុន្តែអាចចេញពីអង្គភាពតែប៉ុណ្នោះ។ នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំតែប៉ុណ្ណោះ»។
* នាយករដ្ឋមន្ត្រីកម្ពុជាថៃធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ
ការវាយប្រហារគ្នារវាងកងទ័ពថៃ និងកម្ពុជានៅតាមតំបន់ព្រំដែននេះ បានប្រញាប់ឱ្យនាយក រដ្ឋមន្ត្រីកម្ពុជា និងថៃ ធ្វើកិច្ចសន្ទនាគ្នាជាបន្ទាន់តាមប្រព័ន្ធទូរស័ព្ទ។ កាសែតថៃ The Nation បានដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីថៃ លោកជំទាវ Paetongtarn Shinawatra និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដែលបានបញ្ជាក់ការប្តេជ្ញាចិត្តដើម្បីបញ្ចៀសការកើនឡើង និងដោះស្រាយបញ្ហានេះដោយសន្តិវិធី។ កាសែតថៃ The Nation របស់ថៃដកស្រង់សម្តីរបស់នាយករដ្ឋមន្ត្រីថៃ ដែលបញ្ជាក់ថា យើងមិនចង់ឱ្យរឿងនេះកាន់តែកើនឡើងឡើយ។
សម្តេចបវរធិបតី ក្នុងប្រសាសន៍តាមសារនៅបណ្តាញសង្គមបានបញ្ជាក់ថា៖ «ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ព ដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ»។
សម្តេចបវរធិបតី បានបន្តថា៖ «ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក»។
* ត្រូវប្រុងប្រយ័ត្ននូវសម្តីរបស់ក្រុមជាតិនិយមជ្រុល និងអំពើញុះញង់បង្កការស្អប់ខ្ពើមជាតិសាសន៍
សារដ៏សំខាន់បំផុតមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគេមិនអាចមើលរំលងបាននោះ គឺប្រសាសន៍អំពាវនាវការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរក្សាភាពស្ងៀមស្ងាត់ ចៀសវាងសម្តីបំផុសនូវកំហឹងជាតិនិយម។ សម្តេចតេជោ បានអំពាវនាវឱ្យប្រញាប់ធ្វើការទប់ស្កាត់ស្ថានការណ៍នៅតាមព្រំដែន ដោយមិនឱ្យជម្លោះនៃបញ្ហានៅមុំបី នោះរាលដាលដល់កន្លែងផ្សេង ឬប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសថៃឡើយ៖
«សុំឱ្យសភាពការណ៍វាកើតត្រឹមតែនៅមុំបីហ្នឹង ហើយវិលត្រលប់ទៅរកសភាពការណ៍មុនម៉ោង៥កន្លះព្រឹកថ្ងៃទី២៧ ថ្ងៃទី២៨ពីមិ្សលមិញ តែប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយ។ ហើយសុំកុំឲ្យសភាពការណ៍នេះ វារីករាលដាលទូទាំងព្រំដែន និងកុំឲ្យសភាពការណ៍នេះ ប៉ះពាល់ទៅដល់កិច្ចសហប្រតិបត្តិការណ៍ដទៃទៀតដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬគ្រប់ផ្នែកដែលយើងមានកិច្ចសហប្រតិបត្តិការណ៍ទៅគ្រប់ផ្នែកទាំងអស់ រាប់ទាំងកិច្ចសហប្រតិបត្តិការណ៍ផ្នែកយោធាផង។ ហើយសុំបងប្អូនជនរួមជាតិ សុំកុំរុញបញ្ហាទៅដល់ការសម្អប់ជាតិសាសន៍។ ខ្ញុំឃើញការចូលមកខំមិន នៅក្នុង Page របស់ខ្ញុំ នៅក្នុងការចូលមកធ្វើអត្ថាធិប្បាយខ្លះ ប្រើពាក្យមិនសមរម្យទេ ខ្ញុំសុំអង្វរករសុំកុំប្រើប្រាស់ ករណីបែបនេះ ជាមួយនិងការធ្វើឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដែលរស់នៅជិតខាងគ្នានេះ។ រឿងវាបានកើតទៅហើយ រកវិធីដោះស្រាយដើម្បីសម្រាលសភាពការណ៍នេះត្រលប់មកវិញ»។
ប៉ុន្តែចលនាប្រឆាំងរបស់ពួកក្រុមជ្រុលនិយម ត្រូវគេឃើញថាបានធ្វើអាជីវកម្មនយោបាយ លើទំនាស់តាមព្រំដែននេះ ដោយនិយាយចាក់ចុចចង់ឱ្យប្រទេសកម្ពុជានិងថៃ ធ្វើសង្គ្រាមដាក់គ្នាទៅវិញទៅមកដើម្បីតែមហិច្ឆិតានយោបាយ។
កម្ពុជានិងថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដ៏កំពូលមួយបន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាម។ គិតត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ឈានដល់ប្រមាណ១០ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៣។ រដ្ឋាភិបាលទាំងពីរ បានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ដើម្បីរកការសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីដលើចំនួន ១៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិបុលភាពទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំពឹងថារាជរដ្ឋាភិបាលនៃប្រទេសទាំង២ នឹងធ្វើការដោះស្រាយបញ្ហាទំនាស់ដែលបានកើតឡើងមកនេះ ដោយសន្តិវិធីជាមិនខានពីព្រោះនាយករដ្ឋមន្ត្រីថៃ លោកជំទាវ Paetongtarn Shinawatra ក្នុងដំណើរទស្សនកិច្ចជាផ្លូវការក្នុងប្រទេស កម្ពុជាកាលពីក្នុងខែមេសាកន្លងមកនេះ បានមានប្រសាសន៍បញ្ជាក់ការប្តេជ្ញា «កសាងស្ពានសន្តិភាព ឱកាស និងការគោរពគ្នាទៅវិញទៅមករវាងប្រទេសថៃនិងកម្ពុជា។»
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះថា៖ «ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលថៃ ថ្នាក់ដឹកនាំថៃ ក៏មានចិត្តគំនិតដូចខាងកម្ពុជាដែរ គឺចង់ពង្រឹងទំនាក់ទំនងជិតខាងល្អ។ ទស្សនកិច្ចខែមេសាកន្លងទៅ របស់នាយករដ្ឋមន្ត្រី ក៏បាននាំមកនូវផ្លែផ្កាបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ មិនគួរមានរឿងត្រូវបែបនេះទេ។ កម្ពុជានៅតែទទូចចង់បានការកសាងខ្សែព្រំដែនមួយជាមួយប្រទេសខាងទាំងអស់ ជាខ្សែព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍនេះជាបំណងប្រាថ្នាពិតប្រាកដ»។
ប្រសាសន៍អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន សូមឱ្យមានភាពស្ងប់ស្ងាត់ ការទទួលខុសត្រូវ និងមិនឱ្យជម្លោះរាលដាល គឺជាការបង្ហាញនូវភាពម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំស្ថាប័នកំពូលនៃប្រទេសកម្ពុជា ដែលលោកធ្លាប់ហែលឆ្លងកាត់សង្គ្រាមជាច្រើនទសវត្ស និងជាអ្នកដែលពន្លត់សង្គ្រាមស៊ីវិលនៅកម្ពុជានាចុងឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះថែមទៀត។ កម្ពុជាបច្ចុប្បន្នមិនមែនជាកម្ពុជាឆ្នាំ១៩៧៩ទេ។ កម្ពុជា ដែលគេស្គាល់សុះសាយនូវភាពលេចធ្លោរបស់ខ្លួននៅលើឆាកអន្តរជាតិ គឺកម្ពុជាដែលមានភាពខ្លាំងនៃការទូត ការសន្ទនា និងមិនមែនជាប្រទេស ដែលខ្លាចសង្គ្រាមនោះឡើយ។
កម្ពុជាពេលនេះ ជាប្រទេសដែលងើបឡើងចេញពីផ្លូវបរាជ័យ ដើម្បីក្លាយជាប្រទេសមានសន្តិភាព មានស្ថិរភាព និងជាដៃគូការទូតសំខាន់មួយនៅក្នុងតំបន់។ ការលេចធ្លោរបស់ខ្លួនលើឆាកអន្តរជាតិ មិនមែនត្រឹមតែជាលទ្ធផលនៃសេដ្ឋកិច្ចដែលកំពុងកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែជាលទ្ធផលនៃគោលនយោបាយកិច្ចសន្ទនា ការសហការលើផ្ទៃនយោបាយ និងជំនឿលើសន្តិភាព។ ពិតមែនហើយ កម្ពុជាមិនមែនជាប្រទេសដែលខ្លាចសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាយល់ថា សន្តិភាព និងការចរចា គឺជាវិធីដ៏រឹងមាំបំផុតដើម្បីការពារជាតិសាសន៍ និងអភិវឌ្ឍន៍ជាតិ៕