(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងឱ្យទីប្រឹក្សា, អនុប្រធាន, ប្រធានក្រុម និងសមាជិកទាំងអស់ នៃក្រុមយុវជនបូជាការពារយុត្តិធម៌ បានបរិច្ចាគឧបត្ថម្ភថវិកាសរុបចំនួន ២,០០០លានរៀល (ពីរពាន់លានរៀល) និងអង្ករ ១០០តោន ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិកា និងអង្ករនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយក៏កំពុងត្រៀមវាយតបត ចំពោះការឈ្លានពានណាមួយ ពីសំណាក់ទាហានថៃមកលើទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន តាមរយៈវីដេអូថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ទេវតារក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជា ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕