(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការ​រងក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរង វរ:សេនាតូចនគរបាលការពារព្រំដែនទាំង២ (លេខ៦២៣ -២០៣)និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានកោតសរសើរចំពោះកម្លាំងនគរបាលទាំងអស់ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិបានជាប្រចាំ និងបានវាយតម្លៃខ្ពស់លើលទ្ធផលកិច្ចប្រតិបត្តិការកាលពីខែកន្លងទៅប្រកបដោយលទ្ធផលល្អប្រសើរ។

ឆ្លៀតឱកាសនេះលោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវសារសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ព្រមទាំងការពន្យល់ណែនាំផ្ទាល់បន្ថែមនូវគន្លឹះក្នុងការ​អនុវត្ត​ទៅដល់កងកម្លាំង​នគរបាលគ្រប់ជំនាញ មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងលើការងារសំខាន់ៗ​​ចំពោះមុខដែលត្រូវប្រតិបត្តិ​ឱ្យបានទាន់ការវិវត្តន៍យ៉ាងឆាប់រហ័ស​នូវស្ថានភាពសង្គមបច្ចុប្បន្ន ដែលមានដូចជា៖

* ការចូលរួមស្ថាបនាកសាងអគារធ្វើការឲ្យបានរឹងមាំដើម្បីសាកសមកិត្តិយសរបស់នគរបាល
* ការងារគ្រប់គ្រងអាវុធជាតិផ្ទុះតាមគ្រប់មូលដ្ឋានឈរជើង, ការងារទប់ស្កាត់គ្រឿងញៀន និងជនបរទេសខុសច្បាប់ហូរចូលតាមច្រកព្រំដែន, * ការពង្រឹងនិងកែលម្អរស្ថានភាពមន្ត្រីចរាចរណ៍ដែលឈរជើងតាមគោលដៅ
* ពង្រឹងការងារដំណើរការវិទ្យុទាក់ទង
* ការពង្រឹងកម្លាំងប្រចាំការតាមប៉ុស្តិ៍ និងកម្លាំងវេនប្រចាំបញ្ជារ
* ពង្រឹងលើការកសាងសមត្ថភាព

បន្ថែមលើនេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានផ្តាំផ្ញើរចំពោះកម្លាំងនគរបាលត្រូវជៀសវាងការល្មើសច្បាប់​ បើកបរក្នុងស្ថានភាពស្រវឹងដែលបង្ករបញ្ហាគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងនាំទុក្ខដល់ខ្លួនឯង និងបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចការបំរើជាតិមាតុភូមិ និងធានាបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕