(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន។

សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន តាមស្មារតីនៃសេចក្តីសម្រេចចិត្ត ដែលបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា ក៏ដូចជាការគ្រប់គ្រងផ្ទាំងទឹកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។

នៅក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ លោកបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូថ្នាក់ដឹកនាំកម្ពុជា នឹងអញ្ជើញថ្លែងសន្ទរកថា តំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាសកល ជាមួយអន្តរជាតិ ផ្អែកតាមយុទ្ធសាស្រ្ត និងការអនុវត្តសកម្មភាពប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។

លោករដ្ឋមន្ត្រីនឹងទទួលជួបសំដែងការគួសម និងពិភាក្សាការងារ ជាមួយបណ្តាមេដឹកនាំនៃប្រទេសជាមិត្តមួយចំនួន ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនផងដែរ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ លើការងារគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការរស់នៅប្រកបដោយចីរភាពផងដែរ៕