(តូក្យូ-ជប៉ុន)៖ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី លើកទី៣០ ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងឱកាសនោះ សម្តេចបានចែករំលែកនូវមេរៀនមួយចំនួន ដែលកម្ពុជាធ្លាប់ឆ្លងកាត់ គឺការបញ្ចប់សង្គ្រាមដោយជោគជ័យ និងប្រឹងប្រែងបន្តការពារសន្តិភាព ដែលកំពុងមានដូចសព្វថ្ងៃនេះ។
ក្នុងវេទិកាដ៏មានសារសំខាន់នេះ សម្តេចបវរធិបតី បានសង្គត់ធ្ងន់ថា «នៅកម្ពុជាយើងចាត់ទុកសន្តិភាព ជាអាទិភាពខ្ពស់បំផុត។ កម្ពុជាបានចំណាយពេល ៣០ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមពីអតីតកាល។ ផ្អែកលើបទពិសោធន៍នេះ យើងមានភាពចាំបាច់ក្នុងការការពារសន្តិភាពដែលមានស្រាប់ ជាជាងការស្ដារឡើងវិញនូវសន្តិភាព ដែលបានបាត់បង់រួចទៅហើយ។ អ្នកដឹកនាំទាំងអស់ មានការទទួលខុសត្រូវរួមគ្នា ក្នុងការមិនបណ្តោយឱ្យប្រទេស និងប្រជាជនរបស់ខ្លួនធ្លាក់ចូលក្នុងសង្គ្រាម និងមិនបង្កឱ្យមានសង្គ្រាម ឬភាពវឹកវរណាមួយ ដែលអាចប៉ះពាល់ដល់សន្តិភាព»។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមទៀតថា នៅក្នុងស្ថានភាពបច្ចុប្បន្ន កម្ពុជាបាន និងកំពុងអនុវត្តនូវសកម្មភាពចំនួន ៣ ដើម្បីថែរក្សា សន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍដែលផ្តោតលើប្រជាជន៖
ទី១៖ ការកែសម្រួលឧស្សាហកម្មតាមវិស័យ, Sectoral industry re-adjustment, សង្គ្រាមពាណិជ្ជកម្មមិនប៉ះពាល់ ដល់គ្រប់វិស័យទាំងអស់នោះទេ។ ចំពោះវិស័យដែលរងផលប៉ះពាល់ យើងគួរព្យាយាមកែសម្រួលខ្សែច្រវាក់ផ្គត់ផ្គង់ និងគោលដៅទីផ្សារឡើងវិញ។ នៅក្នុងដំណើរការនេះ ពិតប្រាកដណាស់នឹងមានអ្នករងផលប៉ះពាល់ ហើយរដ្ឋាភិបាលបានត្រៀមលក្ខណៈ ដើម្បីគាំទ្រដល់កម្មករ និងឧស្សាហកម្ម ដែលរងផលប៉ះពាល់ក្នុងអន្តរកាលនេះ។
ទី២៖ ការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម (Industrial Recalibration): វិបត្តិក៏នាំមកនូវឱកាសផងដែរ។ ស្ថានភាពបច្ចុប្បន្នបានផ្ដល់នូវឱកាសដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឧស្សាហកម្មរបស់ខ្លួន និងជំរុញការធ្វើពិពិធកម្ម។ កម្ពុជាត្រូវខិតខំបង្កើនសមត្ថភាពឧស្សាហកម្ម ឆ្ពោះទៅរកឧស្សាហកម្មដែលផ្អែកលើជំនាញ និងចំណេះដឹងជាមូលដ្ឋាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវ «ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍ វិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា» ដើម្បីទាក់ទាញការវិនិយោគ នៅក្នុងវិស័យទាំងពីរនេះ។ យើងក៏បានរៀបចំបង្កើតកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគ នៅតាមតំបន់មួយចំនួនក្នុងស្រុក ដូចជា៖ តំបន់ឆ្នេរ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញឧស្សាហកម្មដែលមានឧត្តមភាពប្រកួតប្រជែង តួយ៉ាងដូចជា ការកែច្នៃផលិតផលកសិកម្ម និងការពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុង ស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការខិតខំទាក់ទាញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។
បន្ថែមលើនេះ យើងក៏ដឹងដែរថា អ្នកដឹកនាំឧស្សាហកម្មកម្ពុជា ត្រូវតែខិតខំបង្កើនធាតុចូលផលិតកម្ម ដែលមានប្រភពនៅកម្ពុជា, គំនិតក្នុងការបង្កើតផលិតផលក៏គួរចេញពីកម្ពុជា, ហើយអ្នកដឹកនាំឧស្សាហកម្មរបស់កម្ពុជា ក៏ត្រូវខិតខំប្រែក្លាយខ្លួនទៅជាអ្នកផលិត និងឧស្សាហករកម្មន្តសាលផងដែរ។ ជាមួយគ្នានេះ សហគមន៍ធុរកិច្ចកម្ពុជា ត្រូវតែចូលរួមនៅក្នុងផលិតកម្ម ដើម្បីធានាបាននូវការកែសម្រួលគុណភាពនៃប្រព័ន្ធឧស្សាហកម្ម, ការតភ្ជាប់ឧស្សាហកម្មជាមួយ ខ្សែច្រវាក់តម្លៃសកល, និងការធានាភាពធន់នៃឧស្សាហកម្ម និងកម្លាំងពលកម្មរបស់កម្ពុជា ។
ឥឡូវនេះ ដល់ពេលដែលយើងត្រូវធ្វើសកម្មភាពហើយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម ផ្ដល់ការគាំទ្រឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ក្នុងការចូលរួមបន្តិចម្ដងៗនៃធុរកិច្ចកម្ពុជាទៅ ក្នុងខ្សែច្រវាក់ផលិតកម្ម។ ក្នុងន័យនេះ, យើងក៏ត្រូវការការគាំទ្រពីដៃគូបរទេស របស់យើងផងដែរ ពីព្រោះយើងកំពុងស្ថិតនៅលើទូកតែមួយ នៅក្នុងការខិតខំផ្តល់ខ្លឹមសារបន្ថែម ទៅលើស្លាកសញ្ញដែលសរសេរថា «ផលិតនៅកម្ពុជា»។
ទី៣៖ ការធ្វើឱ្យពាណិជ្ជកម្មពហុភាគីរស់រវើកឡើងវិញ និងការជំរុញសមាហរណកម្មតំបន់ឱ្យ សម្តេចបានចង់សង្កត់ធ្ងន់លើឱកាសក្នុងការពង្រឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគី និងពហុភាគីដែលមានស្រាប់ ក៏ដូចជាការស្វែងរកកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត។ នៅពេលដែលរងសម្ពាធ បណ្ដាប្រទេសនានានឹងត្រូវពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំង ដើម្បី ទប់ទល់នឹងផលប៉ះពាល់នៃការដាក់ពន្ធគយ។ កម្ពុជាបាន និងកំពុងបង្ហាញខ្លួនយ៉ាងសកម្ម ក្នុងនាមជាគោលដៅវិនិយោគដ៏ទាក់ទាញ និងមានស្ថិរភាពសម្រាប់វិនិយោគិន តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផ្សេងៗ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់យើង ជាមួយនឹងទី ផ្សារសំខាន់ៗរបស់ពិភពលោក៕