(តូក្យូ-ជប៉ុន)៖ ក្នុងវេទិកានីកកេ (Nikkei) នៅប្រទេសជប៉ុន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទាញចំណាប់អារម្មណ៍ឲ្យអ្នកដឹកនាំសាធារណមតិទាំងអស់ដែលបានចូលរួមយកចិត្តទុកដាក់បញ្ហានយោបាយជ្រុលនិយម ខណៈបញ្ហានេះតែងកើតមាននៅក្នុងសង្គមរបស់ប្រទេសនានា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បញ្ហាប្រឈមនេះអ្នកដឹកនាំសាធារណមតិទាំងអស់ រួមទាំងអ្នកនយោបាយ, អ្នកសិក្សាស្រាវជ្រាវ, ម្ចាស់ធុរកិច្ច រួមទាំងសា្ថប័នសារព័ត៌មានផងដែរ ត្រូវមានការទទួលខុសត្រូវក្នុងការជូនដំណឹងដល់សាធារណជន ដែលផ្អែកលើហេតុផល ការពិត និងអំណះអំណាងត្រឹមត្រូវ ជាជាងការទាក់ទាញយកចំណាប់អារម្មណ៍, ការបំផ្លើស និងការទាមទារចង់បានប្រជាប្រិយភាព នៅក្នុងកិច្ចការការបរទេស, ប្រព័ន្ធផ្សព្វផ្សាយមានជម្រើសមួយដែលត្រូវធ្វើ៖ ថាតើយើងចង់ធ្វើជាអ្នកបន្ថែមភ្លើង ឬជាអ្នកពន្លត់ភ្លើង។
បើតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ជម្រើសណាក៏ដោយ ក៏ត្រូវធ្វើឡើងដោយគិតគូរពីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសដែលពួកគេកំពុងរាយការណ៍ និងផលប៉ះពាល់ទៅលើទំនាក់ទំនងអន្តរជាតិ ដែលកើតចេញពីបញ្ហាវិបត្តិដែលកំពុងកើតឡើងនោះផងដែរ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនត្រូវបណ្ដោយឲ្យនយោបាយជ្រុលនិយមកើតមាន ក្នុងសង្គមរបស់យើងនោះទេ។ យើងក៏គួរតែផ្ដល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព ជំនួសឲ្យការផ្ដល់លំហ និងការការពារដល់អ្នកនយោបាយជ្រុលនិយម ដែលចង់ធ្វើឲ្យសន្តិភាព រង្គោះរង្គើ, ញុះញង់ឲ្យមានការប្រយុទ្ធគ្នាជាមួយប្រទេសជិតខាង, ដំឡើងរបាំងរឹតត្បិតពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន, និងលើកតម្កើងជាតិនិយមជ្រុលហួសហេតុ»។
ដោយឡែក សម្រាប់អ្នកនយោបាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ដល់ពេលដែលត្រូវស្វែងរកការស្ដារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពសុខដុមឡើងវិញ ជំនួសឲ្យការបែងចែក, ការកាត់ផ្តាច់ និងការប្រឈមមុខគ្នា។ កិច្ចសហប្រតិបត្តិការអន្តរជាតិ មិនគួរត្រូវបានជួញដូរនោះទេ។
ជាមួយគ្នានេះ អត្ថប្រយោជន៍ដែលបានមកពីកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមានច្រើនលើសពីតួលេខទៅទៀត។ កិច្ចសហប្រតិបត្តិការ ក៏មានតម្លៃផងដែរ ទាក់ទងនឹងការបង្កើតទំនុកចិត្ត, មិត្តភាព និងជំរុញគោលការណ៍មនុស្សធម៌។ នេះជាអ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕