(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រៀបប្រដូចព័ត៌មានក្លែងក្លាយ នៅក្នុងវិស័យទេសចរណ៍ ដូចនឹងគ្រាប់បែកបំផ្លាញវិស័យទេសចរណ៍នៅកម្ពុជា ដូច្នេះ សូមរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឱ្យកាន់តែផុសផុសទាំងអស់គ្នា។
ការលើកឡើងបែបនេះ របស់លោករដ្ឋមន្ត្រី ហួត ហាក់ បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រដូចយ៉ាងដូច្នេះថា៖ «ខ្ញុំជម្រាបជូនថាព័ត៌មានក្លែងក្លាយនេះ បើនៅក្នុងវិស័យទេសចរណ៍គឺប្រៀបដូចជាគ្រាប់បែកមួយអញ្ចឹង […] ភ្ញៀវទេសចរគេអត់ចង់មកកន្លែងណាដែលអវិជ្ជមានទេ ពីព្រោះនៅក្នុងពិភពលោកមានកន្លែងច្រើនណាស់ដែលគេអាចជ្រើសរើសបាន»។
លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ចំពោះព័ត៌មានក្លែងក្លាយដែលបំប៉ះទង្គិចនឹងវិស័យទេសចរណ៍នៅកម្ពុជាកន្លងមកនេះ ដោយក្នុងនោះមានជនអគតិបានបំភ្លៃស្ថានការណ៍ពិតនៅកម្ពុជា ដោយផ្សព្វផ្សាយថាប្រទេសកម្ពុជា អសុវត្ថិភាព មិនអាចផ្តល់សុវត្ថិតភាពជូនភ្ញៀវទេសចរ ព្រមទាំងអ្នកវិនិយោគទុន ដែលមកលេងកម្សាន្ត និងបណ្តាក់ទុនរកស៉ីនៅលើទឹកដីកម្ពុជា បានជាដើម។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបង្កើតព្រឹត្តិការណ៍ជាច្រើន ដើម្បីធ្វើយ៉ាងណាទាក់ចិត្តភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា ជាពិសេសតាមរយៈការសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដោយបានរួមគ្នាផ្សព្វផ្សាយពីទីទាំងទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និងកន្លែងទេសចរណ៍កែច្នៃ ចេញទៅដល់ដៃទេសចរបរទេសយ៉ាងផុសផុលផងដែរ។
លោករដ្ឋមន្ត្រី ហួត ហាក់ បានចាត់ទុកបណ្តាញសារព័ត៌មាន ព្រមទាំងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ជាដៃគូដ៏សំខាន់ ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ដល់ដៃភ្ញៀវទេសចរទាំងអស់។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងទេសចរណ៍នឹងរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗបន្ថែមទៀត សំដៅការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់ក្នុងរដូវកាលបៃតងនេះ ដោយលោកសង្កត់ធ្ងន់ថា ភ្ញៀវទេសចរជាសាសនិកឥស្លាម ជាគោលដៅដ៏និយម។ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ គឺពិតជាមានសារៈសំខាន់។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការផ្សព្វផ្សាយនូវព័ត៌មានអំពីវិស័យទេសចរណ៍ គឺមិនត្រឹមតែធានាបាននូវសន្តិសុខព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងគឺជាការធានាភាពកក់ក្ដៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថែមទៀតផង៕