(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលប៉ះពាល់ដែលអាចកើតមានឡើង និងផលវិបាកក្នុងរយៈពេលវែងចេញពីការរាយការណ៍នោះ។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា យោងតាមច្បាប់ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានមានសិទ្ធិទទួល/ផ្សាយព័ត៌មាន ដែលមិនបង្កមហន្តរាយដល់សន្តិសុខជាតិ មហន្តរាយដល់ទំនាក់ទំនងជាមួយប្រទេសដទៃ ចៀសវាងផ្សាយព័ត៌មានដែលមានគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួន។ ក្នុងន័យនេះការរាយការណ៍ស្តីពីបញ្ហាសន្តិសុខជាតិ ដោយសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តី ចាំបាច់ណាស់ត្រូវតែធ្វើឡើងដោយផ្អែកលើ និងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ និងត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដូច្នេះការរាយការណ៍លើប្រធានបទសន្តិសុខជាតិ ត្រូវឈរលើមូលដ្ឋាននៃភាពច្បាស់លាស់ ផ្តល់ព័ត៌មានមានភាពប្រកដប្រជា មានក្រមសីលធម៌ត្រឹមត្រូវ ហើយត្រូវព្យាយាមសហការស្វែងរកការបញ្ជាក់ និងផ្តល់ព័ត៌មានពីក្រសួងស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាភាពអាចជឿទុកចិត្តបានសម្រាប់សាធារណៈជន និងធានាថាមិនបង្កបញ្ហាដល់ប្រជាជន សង្គមជាតិ តែត្រូវចូលរួមបញ្ចៀសរាល់ហានិភ័យនានាដែលអាចបង្កឱ្យមានទំនាស់ទាំងផ្ទៃក្នុងប្រទេស ឬជាមួយប្រទេសដទៃដែលយើងត្រូវរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
«យើងត្រូវលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតក្នុងសង្គម និងចូលរួមទប់ស្កាត់រាល់ការចេញផ្សាយបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ និងមានបង្កប់របៀបវារៈទុច្ចរិតនៅពីក្រោយរបស់ក្រុមជាតិនិយមជ្រុល ក្នុងការបង្កភាពអសន្តិសុខសង្គម បំផ្លាញសន្តិភាព និងធ្វើឱ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ទេព អស្នារិទ្ធ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ចេញពីព្រឹត្តិការណ៍ថ្មីៗនេះ អ្នកសារព័ត៌មានគ្រប់រូបត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថាការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំសាធារណៈ ដោយសារការផ្តល់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ឬមិនបានស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធនោះ។
លោកថាអ្នកសារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចផងដែរ ក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងភាពចាំបាច់នៃការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលជាតួនាទីអ្នកសារព័ត៌មានត្រូវចូលរួម ដោយត្រូវរាយការណ៍ដោយឈរលើភាពសុចរិត ស្មោះត្រង់ ភាពត្រឹមត្រូវ មិនលម្អៀង និងជៀសវាងការផ្សព្វផ្សាយពាក្យចចាមអារាម ឬការនិយាយ ចែកចាយតៗគ្នា ឬការស្មានៗ ដោយគ្មានប្រភពច្បាស់លាស់ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារស៊ើបការណ៍ ការអង្កេត ប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។ ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត។
ពាក់ព័ន្ធនឹងសន្តិសុខជាតិ, ត្រូវបានអ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវឱ្យបង្កើនការសហការដើម្បីស្វែងរកការផ្តល់ព័ត៌មាន និងការបញ្ជាក់ពីប្រភពផ្លូវការត្រឹមត្រូវ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមុន និងមិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល៕