(ក្រចេះ)៖ នាថ្ងៃព្រហស្បិ៍ ០៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានដឹកនាំសមាជិក អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការជំរុញការវិនិយោគនៅក្នុងខេត្តក្រចេះ ដែលដឹកនាំដោយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងសហការី ដោយពិភាក្សាអំពីការលទ្ធភាពក្នុងការសុំបង្កើតតំបន់ឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម (SME Cluster) និង ស្នើរសុំការគាំទ្រពីស្ថានប័នពាក់ព័ន្ធ ក្នុងការសហការផ្ដល់ដីក្នុងការដាំដំណាំកសិកម្មដើម្បីធ្វើការកែច្នៃនាំចេញ។ ជាលទ្ធផល ឯកឧត្តម អភិបាលខេត្ត ឆ្លើយតបថា នឹងគាំទ្រដល់ធុរៈកិច្ចជន ដែលចង់មកវិនិយោគនៅខេត្តក្រចេះ និងចង្អុលទិសដៅដល់តំបន់ដែលមានសក្កដានុពលផ្នែកកសិកម្មផងដែរ។

ឧកញ៉ា តែ តាំប៉ ក៏បានបញ្ជាក់ច្បាស់ថា នឹងខិតខំប្រឹងប្រែងរកទីផ្សារជូនប្រជាកសិករ និងស្វែងរកអ្នកវិនិយោគល្អៗ មកអភិវឌ្ឍន៍តំបន់ភូមិភាគឦសាន ព្រមទាំងបានលើកទឹកចិត្តឲ្យមានការសហការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាកម្លាំងតែមួយ ក្នុងការអភិវឌ្ឍន៍ផ្នែកផលិតកម្មដំណាំកសិកម្ម និងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មតាមស្ដង់ដារ ត្រឹមត្រូវ ដែលធ្វើឱ្យផលិតផលកសិកម្មខ្មែរ អាចប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ៕