(ភ្នំពេញ)៖ ដើម្បីបង្កើនធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា, បញ្ជ្រាបចំណេះដឹងសុខភាព និងការប្រកួតភាពច្នៃប្រឌិត យុទ្ធនាការ «អំណោយសុខភាពពីធម្មជាតិ» ត្រូវបានប្រកាសឡើង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ដែលជាយុទ្ធនាការអប់រំអំពីការថែទាំសុខភាព និងការប្រកួតប្រជែងសមត្ថភាព លើភាពច្នៃប្រឌិតលើវិញ្ញាសារចំនួន៣ សម្រាប់សិស្ស-និស្សិត និងសាធារណជនទូទាំងប្រទេសកម្ពុជាដែលឆ្លុះបង្ហាញពីឆន្ទៈក្នុងការនាំមកនូវប្រណិតភាព ល្អឥតខ្ចោះ និងការផ្សាភ្ជាប់ទៅនឹងអនាគតរបស់ប្រជាជនកម្ពុជា។
យុទ្ធនាការ «អំណោយសុខភាពពីធម្មជាតិ» ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងក្រោមគោលបំណងចម្បងៗចំនួន៣ រួមមាន៖
*ទី១៖ ចូលរួមបំផុសគំនិតអប់រំប្រជាជនកម្ពុជា ជាពិសេសយុវវ័យសម័យថ្មីដែលមានភាពមមាញឹកក្នុងការសិក្សា និងការបំពេញកិច្ចការងារប្រចាំថ្ងៃ រាប់ចាប់តាំងពីសិស្សានុសិស្សិកម្រិតវិទ្យាល័យឡើងមក ឱ្យចេះថែទាំ និងស្រឡាញ់សុខភាពតាមរយៈ ការបរិភោគចំណីអាហារដែលមានជីវជាតិ ការពិសារទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់ និងចូលរួមធ្វើលំហាត់ប្រាណជាប្រចាំ។
*ទី២៖ យុទ្ធនាការដ៏មានគុណប្រយោជន៍នេះ នឹងរួមចំណែកក្នុងការលើកទឹកចិត្ត និងក្រើនរំលឹកដល់ប្រជាជនកម្ពុជា ឲ្យកាត់បន្ថយ រឺឈានទៅដល់ការបញ្ឈប់ការទទួលទានអាហារ និងភេសជ្ជៈដែលមានហនិភ័យកម្រិតខ្ពស់ដល់សុខភាព ដូចជាភេសជ្ជៈផ្អែម និងគ្រឿងស្រវឹងជាដើម។
*ទី៣៖ កាន់តែមានសារសំខាន់នោះ គឺការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា តាមរយៈការផ្ដួចផ្ដើមរៀបចំការប្រកួតប្រជែងគំនិតច្នៃប្រឌិត សមត្ថភាព និងជំនាញសម្រាប់សិស្សនិស្សិត និងសាធារណៈជនទូទាំងប្រទេស លើវិញ្ញាចំនួន៣ ដូចជា ការប្រកួតរចនាផ្ទាំងផ្សព្វផ្សាយ (Poster Design Competition) ការផលិតវីដេអូខ្លីអត្ថន័យអប់រំសុខភាព (Short Film Competition) និងការប្រកួតរូបថតសុខភាព (Photo Competition)។ ការប្រកួតប្រជែងនេះនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកទឹកចិត្តយុវជនជំនាន់ក្រោយ ឲ្យងាកមកចាប់យកកិច្ចការងារច្នៃប្រឌិត និងបង្កើតថ្មីឲ្យបានកាន់តែច្រើនឡើងៗ។
លោកស្រី នៅ សុខហ៊ាង ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍ នៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ បានគូសបញ្ជាក់ឲ្យដឹងថា យុទ្ធនាការ «អំណោយសុខភាពពីធម្មជាតិ» មានរយៈពេលជិត ៦ខែ ដោយចាប់ដំណើការពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ និងត្រូវបានបែងចែកជា៣ផ្នែកសំខាន់ ជាអាទិ៍ ទី១, យុទ្ធនាការនេះនឹងនាំមកនូវសិក្ខាសាលាអប់រំ អំពីសុខភាពក្រោមប្រធានបទ «វិធីថែទាំសុខភាពសម្រាប់យុវវ័យនាយុគសម័យទំនើប» ដោយវត្តមានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសុខាភិបាល និងការថែទាំសុខុមាលភាពគ្រួសារ។
លោកស្រីបន្តថា សិក្ខាសាលានេះនឹងចែករំលែកចំណេះដឹងសំខាន់ៗ អំពីរបៀបរបប ឬទម្លាប់វិជ្ជមានដល់សុខភាព ក្នុងការរស់នៅបែបមមាញឹករបស់ប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ន រួមផ្សំជាមួយការរៀបចំរបបអាហារ ដែលមានអត្ថប្រយោជន៍ដលសុខភាព ដូចជាការជ្រើសយកទឹករ៉ែធម្មជាតិមកពិសារជាប្រចាំ ដើម្បីបំពេញជាតិរ៉ែសំខាន់ៗក្នុងការទ្រទ្រង់រាងកាយ ខួរក្បាល និងបេះដូងជាដើម។ ទី២ យុទ្ធនាការនេះបានរៀបចំនៅរថយន្ត សម្រាប់ផ្សព្វផ្សាយសុខភាព ទៅកាន់ទីតាំងវិទ្យាល័យ និងសកលវិទ្យាល័យ សរុប៥៨ទីតាំង ទូទាំងប្រទេសកម្ពុជា។ រថយន្តនេះត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ពោរពេញទៅដោយភាពច្នៃប្រឌិតដែលទាក់ទាញចំណាប់ អារម្មណ៍យុវវ័យសម័យថ្មី ជាមួយសកម្មភាពកំសាន្តសប្បាយជាច្រើន ព្រមទាំងរង្វាន់ និងវុត្ថអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់។
រថយន្តយុទ្ធនាការនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអំពីផ្នែកសំខាន់ទី៣ នៃយុទ្ធនាការសុខភាព «អំណោយសុខភាពពីធម្មជាតិ» នោះគឺកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងសមត្ថភាពលើវិញ្ញាសារសំខាន់ៗទាំង៣។ ការប្រកួតនេះនឹងបើកទូលាយ និងឥតគិតថ្លៃសម្រាប់សិស្ស និស្សិត និងសាធារណជនទូទៅ ចុះឈ្មោះបញ្ជូនស្នាដៃរបស់ខ្លួនចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ជ័យលាភីនៃវិញ្ញាសារនីមួយៗ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ជាមួយប្រាក់រង្វាន់សរុប ១០,០០០ដុល្លារ ព្រមទាំងលិខិតសរសើរ និងវត្ថុអនុស្សាវរីយជាច្រើនសន្ធឹកសន្ធាប់។
ពិសេសជាងនេះទៅទៀត បេក្ខជន-បេក្ខនារីទាំងអស់ នឹងមានឱកាសទៅទស្សនកិច្ចសិក្សារយៈពេល ១យប់ ២ថ្ងៃ នៅរោងចក្រទឹករ៉ែធម្មជាតិ អូ គូលែន នៅក្នុងខេត្តសៀមរាប ដែលនេះគឺជាឱកាសដ៏កម្ររកបាន ដើម្បីសិក្សាស្វែងយលពីចង្វាក់ផលិតកម្មដ៏ទំនើប តាមបទដ្ឋានបច្ចេកវិទ្យាថ្មីមកពីអឺ រ៉ុបជាមួយការវិនិយោគយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គមខ្ពស់ តាមរយៈសកម្មភាពជាវិជ្ជមាន ដែលផ្ដោតលើការស្ដារបរិស្ថាន ការដាំឈើកម្រ ការប្រើថាមពលពន្លឺព្រះអាទិត្យ និងការអប់រំជាដើម។
គួររំឭកផងដែរថា ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ធ្លាប់បានរៀបចំយុទ្ធនាការនេះម្ដងរួចមកហើយកាលពីឆ្នាំ២០១៤ ដែលបានចែករំលែកនៅចំណេះដឹង អំពីការថែទាំសុខភាពទៅកាន់និស្សិត នៅសកលវិទ្យាល័យជាង១០ទីតាំងក្នុងរាជធានីភ្នំពេញ និងកៀរគរយុវជនកម្ពុជា ដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតជិត១០០នាក់ មកប្រកួតប្រជែងដណ្ដើមពានរង្វាន់ និងប្រាក់រង្វាន់ជ័យលាភីជាច្រើនសន្ធឹកសន្ធាប់ផងដែរ៕