(ជើជាំង, ចិន)៖ សិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្រោមប្រធានបទ «ជំរុញកិច្ចសហការគ្រប់ជ្រោយ និងការកសាងសមត្ថភាពសហជីពនៃប្រទេសទាំងពីរ» បានបិទបញ្ចប់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងហានចូវ ខេត្តជឺជាំង ប្រទេសចិន ក្រោមអធិបតីភាពលោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដាលបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តយស សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោកស្រី Zhao Changjiu អនុប្រធាន CWIE និងលោកស្រី Lu Ying អនុប្រធានសហព័ន្ធសហជីពខេត្តជែជាំង។
លទ្ធផលផ្លែផ្កាជាច្រើនពិតជាបានកើតចេញពីវគ្គសិក្ខាសាលាបោះជំរុំកម្មករកម្ពុជា-ចិន ក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ និងឈានទៅបើកទំព័រថ្មីនៃការបន្តផ្លាស់ប្តូរបទពិសោធន៍សម្រាប់ថ្ងៃអនាគតរវាងសម្ព័ន្ធសហជីពការងារ នៃប្រទេសទាំងពីរ។ នេះបើតាមការគូសបញ្ជាក់របស់ លោកស្រី Zhao Changjiu ជាមួយនិងសុទិដ្ឋិនិយមប្រកបដោយភាពជឿជាក់ នៃការបង្កើនទំនាក់ទំនងកាន់តែជិតស្និតថែមទៀតជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលលោកស្រីបានចាត់ទុកសិក្ខាសាលានេះថា ជាស្ពានតភ្ជាប់ទំនាក់ទំនង និងការបន្តផ្លាស់ប្តូរបទពិសោធន៍លើការងារសហជីពនិងកម្មករចិនជាមួយកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗកាន់តែច្រើនថែមទៀត ក្នុងទស្សនៈ «ការកសាងវាសនារួម សហគមន៍តែមួយ និងការពួតដៃគ្នាបន្តជម្រុញកិច្ចសហការឱ្យកាន់តែរឹងមាំ»។
ថ្លែងក្នុងឱកាសបិទវគ្គសិក្ខាសាលាបោះជំរុំនៅក្នុងប្រទេសចិន លោក សោម អូន បានថ្លែងថា សម្ព័ន្ធសហជីពទូទាំងប្រទេសចិន ACFTU បានរៀបចំសិក្ខាសាលាបោះជំរុំបានយ៉ាងល្អប្រសើរ ជាមួយការបង្កើតកម្មវិធីទស្សនៈកិច្ច សិក្សាផ្ទាល់ដល់ទីកន្លែង នៅបុរីពាណិជ្ជកម្មវាយនភណ្ឌធំជាងគេ ខឹឈាវ ជាមូលដ្ឋានផលិតវត្ថុធាតុដើមសម្រាប់វាយនភណ្ឌធំជាងគេទូទាំងពិភពលោក ដែលវត្ថុធាតុដើម១ភាគ៤ ត្រូវបាននាំចេញពីតំបន់ខឺឈាវនេះ។ ក្រៅពីនេះសិក្ខាកាមកម្ពុជា ក៏បានទៅទស្សនាមន្ទីរពិពណ៌សាច់ក្រណាត់ ក្រុមហ៊ុនផលិតរថយន្តទំនើប ជាមួយការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗជាច្រើនកន្លែង។
បន្ថែមពីលើនេះ គណៈប្រតិភូរបស់ NACC ក៏បានទទួលនូវទស្សននិងបទបង្ហាញថ្មីៗតាមរយៈជំនួបពិភាក្សាចែករំលែកជាមួយសហជីពខេត្ត ក្រុង សង្កាត់ និងអ្នកវិនិយោគជាម្ចាស់ក្រុមហ៊ុនមួយចំនួនដែលបាន មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការថ្លែងអំណរគុណសហជីពទូទាំងប្រទេសចិន ACFTU ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយជោគជ័យ លោក សោម អូន បានឱ្យដឹងថា ប្រធានបទមួយចំនួនពាក់ព័ន្ធការសិក្សា ស្រាវជ្រាវពីការគ្រប់គ្រង និងតួនាទីសហជីពនៅក្នុងយុគសម័យបច្ចេកវិទ្យា អភិបាលកិច្ច និងសេវាកម្មររបស់សហជីពប្រទេសចិន រួមទាំងការវិនិយោគ និងការអភិវឌ្ឍវិស័យវាយនភណ្ឌនៅប្រទេសចិន សុទ្ធតែជាបទពិសោធន៍ល្អៗ សម្រាប់សភាសម្ព័ននធសហជីពជាតិកម្ពុជា NACC យកទៅពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ការងារសហជីពកម្មករនៅក្នុងប្រទេសរបស់យើង ស្របតាមតថភាពជាក់ស្តែង និងភាពសមស្របដែលអាចធ្វើទៅបាន៕