(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានគម្រោងផ្លូវបេតុងអាមេ ប្រវែង៨៨១ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រា់ស០.១៥ម៉ែត្រ ជាគម្រោងមូលនិធិឃុំអន្លង់វិល ឆ្នាំ២០២៥ ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីរាជការ លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
លោក សុខ លូ បានណែនាំដល់អភិបាលស្រុក ភូមិ ឃុំ ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវ ដើម្បីលម្អ និងលើកសោភ័ណភាពតាមដងផ្លូវនេះផងដែរ។ លើសពីនេះ លោកបានបន្តណែនាំដល់លោកមេឃុំ រឹតបន្តឹងលើការគ្រប់គ្រង់ដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋតាមដងផ្លូវ និងចៀសវាងការសង់សំណង់លើដីចំណីផ្លូវ។
លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានខិតខំខ្លាំងណាស់ឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សំដៅបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។
លោក សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ឃុំ តាមលំនៅដ្ឋាន ឲ្យបានល្អប្រសើរបន្ថែមទៀត៕