(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា នៅប្រទេសជប៉ុន មានអ្នកនយោបាយប្រឆាំង តែមិនមានអង្គការចាត់តាំង ចាំតែវាយប្រហារលើបណ្តាញសង្គមរាល់ថ្ងៃ ដូចអ្នកប្រឆាំងនៅកម្ពុជានោះឡើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការលើកយោបល់ គឺតែងតែមានហើយ នៅជប៉ុនក៏អីចឹងដែរ។ អ្នកប្រឆាំង ចង់ឲ្យរដ្ឋាភិបាលធ្វើបែបនេះបែបនោះ តែរដ្ឋាភិបាលមានវិធីរបស់គេក្នុងការចរចា។ នៅជប៉ុន ទោះប្រធានព្រឹទ្ធសភា ឬប្រធានរដ្ឋសភា មិនធ្វើតាមអ្នកប្រឆាំង ក៏គេមិនមកចោទថាក្បត់ជាតិនោះទេ។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «គេថា ហ៊ុន ម៉ាណែត ទៅណា ក៏មានអ្នកបាតុកម្មគួរឲ្យអាម៉ាស។ ខ្ញុំឯកភាពថា ខ្ញុំមិនមានអ្នកស្រលាញ់ទាំងអស់ទេ ប៉ុន្តែខ្ញុំក៏មិនមានអ្នកស្អប់ទាំងអស់ដែរ។ គ្មាននរណាម្នាក់ សូម្បីតែព្រះពុទ្ធ ក៏មារតាមផ្ចាញ់ដែរ គេចង់បានន័យថា រាប់ពាន់ឆ្នាំមុន មានអ្នកធ្វើអីក៏ដោយ ក៏មានអ្នកមិនពេញចិត្តលើដែរ រឿងសិទ្ធិរបស់គេ តែអ្វីដែលសំខាន់ ការជ្រើសរើសធ្វើបាតុកម្ម ឬការបញ្ចេញមតិជាសិទ្ធិរបស់អ្នក។ គណបក្សប្រជាជនក៏មាន រាជរដ្ឋាភិបាល ក៏មានអ្នកគាំទ្រ។ បងប្អូន អ្នកនយោបាយមកពីបក្សប្រឆាំង មិនមានគេស្រលាញ់ទាំងអស់ទេ តែគេមិនចាំបាច់ទៅធ្វើបាតុកម្ម បើគាត់មកក៏មកទៅ ជាសិទ្ធិសេរីភាព ខ្ញុំក៏ដូចគ្នា។ បើបងប្អូនធ្វើអ្វីធ្វើចុះ គោរពច្បាប់ជប៉ុនទៅ។ គេថាជាង ១ ០០០ពាន់នាក់ ដែលនៅក្នុងកម្មវិធី ជាមនុស្សត្រូវបានជួលដោយសម្តេចធិបតី និងដឹកដោយយន្តហោះមក»។
សម្តេចធិបតី បានបន្តថា «ប្រជាជនខ្មែរនៅជប៉ុន បងប្អូនដឹងហើយ តើមានគណបក្សណា គ្មានបក្សប្រឆាំងទេ? គ្មានគណបក្សនយោបាយណា ដែលមានការគាំទ្រ ១០០ភាគរយទេ គ្មានគណបក្សនយោបាយណាមួយ ឯកភាពជាមួយគោលនយោបាយ (បក្សមួយទៀត) ទាំងអស់ទេ។ ប៉ុន្តែ ខ្ញុំមិនដឹងថា នៅជប៉ុនមានឬអត់ទេ មួយថ្ងៃៗមានតួអង្គចេញហ្វេសប៊ុក តិកតុក ជេររដ្ឋាភិបាលជប៉ុនរាល់ថ្ងៃមានទេ? អត់ទេ។ គេមានសិទ្ធិបញ្ចេញមតិ តែគេរវល់ការងារ។ បងប្អូនធ្វើអ្វីធ្វើចុះ ប៉ុន្តែថ្ងៃនេះរឿងសំខាន់ យើងត្រូវគោរពគ្នា បងប្អូនប្រមូលគ្នាបាតុកម្មបញ្ចេញមតិក៏ធ្វើចុះ អត់មាននរណាជេរប្រទេច ឬដៀមដាមឲ្យបងប្អូនទេ។ អីចឹង សូមគោរពខ្មែរ ១ ៦០០នាក់ នៅទីនេះ ដែលកាត់ឆ្ងាយ ស្ម័គ្រចិត្ត ដើម្បីមកជួបជុំគ្នា ស្តាប់ប្រមុខរដ្ឋាភិបាល ដើម្បីដឹងពីស្ថានភាពរបស់ប្រទេស បង្ហាញពីសាមគ្គីភាពជាតិ សូមកុំប្រមាថថាគាត់ជាលក់ក្បាល ឬក៏អី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់គំនិតដល់ក្រុមប្រឆាំងថា វប្បធម៌លើកឡើងថា ទៅជាមួយគេជាមនុស្សអាក្រក់ និងក្បត់ជាតិ តែមកជាមួយខ្លួនទើបស្នេហាជាតិ និងជាមនុស្សល្អ គួរលុបចោលទៅ។ ទស្សនៈខុសគ្នា តែយើងជាខ្មែដូចគ្នា មិនចាំបាច់លាបពណ៌គ្នាថា យួន ឬជនជាតិអ្វីៗនោះទេ៕