(តូក្យូ-ជប៉ុន)៖ អ្នកលើកបដាប្រមាណ២០-៣០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីស្រែកប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា មិនបានស្ថិតក្នុងក្រសែភ្នែករបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពេលកំពុងធ្វើដំណើរតាមដងផ្លូវ ដើម្បីទៅជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ដ្រីជប៉ុននោះទេ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា នៅក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្ដទៅជួបទ្វេរភាគីជាមួយនាយករដ្ឋមន្ដ្រីជប៉ុន សម្ដេចកំពុងផ្ដោតការយកចិត្តទុកដាក់ជាមួយឯកសារ ដើម្បីចរចាជាមួយរដ្ឋាភិបាលជប៉ុន សំដៅស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ដោយសារការរវល់រំពៃគិតអំពីជំនួបទ្វេរភាគី សម្ដេចមិនបានដឹងថាមានអ្នកដែលឈរលើកបដា ដើម្បីស្វែងប្រឆាំងជាមួយដំណើរទស្សនកិច្ចរបស់សម្ដេចនោះទេ លុះក្រោយបញ្ចប់ជំនួបទើបក្រុមការងារបានរាយការណ៍ជូនសម្ដេចថា មានមនុស្សប្រមាណ២០-៣០នាក់ឈរលើកបដា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញទៅជួបដល់នាយករដ្ឋមន្ដ្រីជប៉ុន ជិះឡានរវល់មើលឯកសារ ស្រាប់តែចេញមកគេប្រាប់ថា មានមនុស្ស២០-៣០នាក់ទៅលើបដាជេរ ថាអីថា ទៅខ្ញុំក៏មិនបានឃើញដែរ [...] ការងារធំរបស់ខ្ញុំ គឺទ្វេរភាគីដើម្បីចរចាយ៉ាងមិចទាញទំនាក់ទំនងកម្ពុជា-ជប៉ុន ឲ្យខ្ពស់។ សុំទោសម្សិលមិញ ខ្ញុំអត់បានមើលអ្នកលើកបដា ព្រោះរវល់គិតចរចាយ៉ាងមិញដើម្បីយកផលប្រយោជន៍ច្រើនឲ្យប្រទេសជាតិយើង»។
សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រហូតមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានឈានដល់កម្រិតកំពូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ ពោលបានក្លាយជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ដែលការតម្លើងកម្រិតខ្ពស់បំផុតនេះបានធ្វើឡើងកាលពីឆ្នាំ២០២៣ ដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងអតីតនាយករដ្ឋមន្ដ្រីជប៉ុន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជប៉ុន បានដើរតួនាទីជាមិត្តល្អរបស់កម្ពុជា ហើយជប៉ុនក៏បានជួយដល់កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូងនៃការចរចាស្វែងរកសន្ដិភាព។ ដូច្នេះហើយ ទំនាក់ទំនងការទូតរយៈពេល៧២ឆ្នាំមកនេះ ត្រូវបានតម្លើងកម្រិតជាបន្ដបន្ទាប់ រហូតឈានដល់កម្រិតកំពូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ៧២ឆ្នាំមកនេះ។ ក្នុងន័យនេះ ការចរចាដើម្បីស្វែងរកផលប្រយោជន៍ពីទំនាក់ទំនងនេះ ជារឿងចាំបាច់បំផុតសម្រាប់សម្ដេច ហើយសម្ដេចមិនបានខ្វល់រឿងអ្នកប្រឆាំងតវ៉ាឡើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា សម្ដេចមិនមានអ្នកស្រលាញ់ទាំងអស់នោះទេ ប៉ុន្ដែគ្រាន់តែដឹងថា អ្នកដែលស្រលាញ់មានច្រើនលើសលុប បើធៀបជាមួយអ្នកដែលមិនពេញចិត្ត ដូច្នេះហើយកម្លាំងចិត្តពីអ្នកស្រលាញ់សម្ដេច គឺជាថាមពលដែលមិនថយថម ធ្វើឲ្យសម្ដេចកាន់តែមានកម្លាំងក្នុងការបន្ដខិតខំប្រឹងប្រែង ដើម្បីជាតិ និងប្រជាជនកម្ពុជា៕