(ជប៉ុន)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងជំនួបរបស់សម្តេចជាមួយ នាយករដ្ឋមន្រ្តី និងប្រធានសភាជប៉ុន នៅក្នុងដំណើរទស្សនកិច្ចនេះ មិនមាននិយាយអ្វីដែល តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) បានលើកឡើងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

កាលពីពេលថ្មីៗនេះ សមាជិក​សភា​ជប៉ុន លោក ណាតូ សាកាគូឈិជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​របស់សម្តេចនៅ​ប្រទេស​ជប៉ុន។

សម្តេចបវរធិបតី បានបញ្ជាក់ដូច្នេះថា៖ «នៅជប៉ុន មុននឹងមក មានសមាជិកសភាជប៉ុនម្នាក់ ឡើងនិយាយទាមទារឱ្យរដ្ឋាភិបាល ធ្វើនេះធ្វើនោះលើកនេះលើកនោះ ឱ្យអ្នកនេះឱ្យអ្នកនោះ ដល់ពេលខ្ញុំជួបជាមួយប្រមុខរដ្ឋាភិបាល, ប្រធានសភារបស់គេ គេមានប្រធានបទផ្សេងរបស់គេ ​ទំនាក់ទំនងនៅតែទំនាក់ទំនង ជាកិច្ចការងារបស់គេ សិទ្ធិនៅក្នុងការធ្វើការ»

សម្តេចបានបន្តថា អត់សមាជិកសភាជប៉ុនណា ដែលថា ពេលរដ្ឋាភិបាលជប៉ុន ឬសភាជប៉ុន មិនធ្វើតាមការទាមទាររបស់របស់ខ្លួន ចោទរដ្ឋាភិបាលថា អត់ប្រជាធិបតេយ្យ និងចោទប្រកាន់ចំពោះការនិយាយជាមួយសម្តេចនោះទេ៕