(តូក្យូ-ជប៉ុន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងប្រតិកម្មខ្លាំងៗ ទៅកាន់ក្រុមប្រឆាំងដែលព្យាយាមបំបែកបំបាក់ទឹកចិត្តកងទ័ព តាមរយៈការប្រៀបធៀបរវាងមេទ័ព និងកូនទ័ព ក្នុងពេលដែលកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នាលើបញ្ហាព្រំដែន នៅខេត្តព្រះវិហារ។
សម្តេចបានចោទសួរថា តើការព្យាយាមបំបែកបំពាក់ទឹកចិត្តកងទ័ពរបស់ក្រុមប្រឆាំង ពេលជិតផ្ទុះអាវុធនេះ គឺជាការស្នេហាជាតិដែរឬទេ? សម្តេចសង្កត់ធ្ងន់ថា ពេលមានសង្គ្រាមមេទ័ព និងកូនទ័ព គឺនៅលើសមរភូមិទាំងអស់គ្នា ជាក់ស្តែងការផ្ទុះអាវុធដាក់គ្នាកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១។
ការថ្លែងប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែថា «មានអ្នកខ្លះចង់បំបែកមេទ័ព និងកូនទ័ព ដោយមួយថ្ងៃៗចេញតែរូបភាព។ វៃគ្នាគេមិនដែលទៅតែកូនទ័ពទេ មេទ័ពគេដឹកនាំបញ្ជាតាមថ្នាក់ សូម្បីតែឯកឧត្តម ហ៉ីង ប៊ុនហៀង ក៏នៅទីបញ្ជាការជួរមុខតែប៉ុន្មានគីឡូម៉ែត្រពីភាគីថៃ ឯកឧត្តម ឥត សារ៉ាត់ មេកងពល ឯកឧត្តម ស្រី ឌឹក ឯកឧត្តម កែវ ធី ឯកឧត្តម ពៅ ហេង មេភូមិភាគរបស់យើងដែលឈរជើងនៅមុខ ដែលគេកំពុងជេរថាមេទាហានសុទ្ធតែពុករលួយអាក្រក់នេះ តើអ្នកទាំងអស់នេះជានរណា? គឺសុទ្ធតែនាយទាហានដែលសល់ពីស្លាប់ ច្បាំងគ្នាតាំងពីឆ្នាំ៨០ជាងមក តស៊ូការពារទឹកដី ហើយគាត់ក៏ទៅប្រឈម ដើម្បីការពារទឹកដី ដឹកនាំកងទ័ពរបស់យើង»។
សម្តេចសង្កត់ធ្ងន់ថា «ឥឡូវខ្ញុំសួរបងប្អូន ដែលខំញែកអារម្មណ៍បំបែកបំបាក់ទឹកចិត្តកងទព័ឱ្យស្អប់មេទ័ព ក្នុងពេលដែលជិតផ្ទុះអាវុធនេះ ជាការស្នេហាជាតិដែរឬទេ? ពេលជិតវៃគ្នាយើងត្រូវឱ្យឈ្នះមែនទេ ? បើយើងចាញ់យើងបាត់ទឹកដី យើងស្លាប់កងទ័ព អីចឹងដើម្បីវៃបានកត្តាសំខាន់បំផុត គឺទឹកចិត្តមុះមុត មិនមែនពេលវេលាដែលត្រូវជាន់បំបាក់ទឹកចិត្តទេ អ្វីដែលសំខាន់ការងារធំ គឺត្រូវរួមគ្នា មេទ័ពក៏ត្រូវឡើងប្រយុទ្ធដូចគ្នាទេ ដោះស្រាយបញ្ហាធានាអាវុធ គ្រាប់ ធានាស្បៀង។ កាលពី២០០៨ ២០១១ ទោះបីខ្ញុំមិនឡើងប្រយុទ្ធផ្ទាល់ ក៏ខ្ញុំទៅស្រអែម ទៅព្រះវិហារ ដឹកចុះឡើងដូចតែគ្នាទេ»។
សម្តេចបវរធិបតីក៏បានពន្យល់អំពីតួនាទី ភារកិច្ចមួយចំនួនរបស់កងទ័ព ដូចជាកងទ័ពខាងភស្តុភារ បម្រើដល់ការផ្គត់ផ្គង់, កងទ័ពផ្នែកសិល្បៈ គឺបម្រើដល់សកម្មភាពសិល្បៈសម្រាប់កងទ័ព, ទ័ពប្រយុទ្ធជាដើម។
សម្តេចបន្ថែមទៀតថា រាជរដ្ឋាភិបាលបានគិតគួរយ៉ាងខ្លាំងពីជីវភាពរបស់កងទ័ព ក្នុងរបបហូបចុករបស់កងទ័ពជួរមុខជិតស្មើនឹង ១គុណ២ របស់ទាហានជួរក្រោយ និងមានគោលនយោបាយដីផ្ទះថែមទៀត។
ឆ្លើយតបចំពោះអ្នកវិភាគមាត់ស្ពែះ ក្បាល់ទំពែក ដែលតែងតែបំបាក់ទឹកចិត្តកងទ័ព ដោយបង្ហោះរូបថតកងទ័ព ក្នុងលានដ្ឋានពាក់ស្បែកជើងផ្ទាត់ ចោទរាជរដ្ឋាភិបាលមិនគិតគូរកងទ័ព, សម្តេចបញ្ជាក់ថា កងទ័ពពាក់ស្បែកជើងផ្ទាត់ និងហូបក្រៀមក្រោះនៅលើសមរភូមិជួរមុខ ជាយុទ្ធវិធីរបស់ទ័ព។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមគ្នាលើកទឹកចិត្ត គាំទ្រកងទ័ព ដែលធ្វើបែបនេះគឺជាការស្នេហាជាតិ ហើយថារាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពកម្ពុជា នឹងប្រឹងប្រែងដោះស្រាយបញ្ហា និងការពារអធិបតេយ្យ បូរណភាពទឹកដី៕