(ភ្នំពេញ)៖ លោកស្រី អេន ចរិយា បានផ្តិតមេដៃលើកិច្ចសន្យាមួយ ដោយសន្យាឈប់បង្ហោះ លុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ។
ការសន្យានេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីលោក សៀក សារឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងតាខ្មៅ ទៅណែនាំ លោកស្រី អេន ចរិយា ជុំវិញការបង្ហោះវីដេអូ សកម្មភាព និងរូបភាពធ្វេីឲ្យប៉ះពាល់ដល់សន្តិសុខសង្គម តាមបណ្តាញសង្គមនានា និងធ្វេីកិច្ចសន្យាបញ្ឈប់ការបង្ហោះ លុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំជូនកងទ័ពនៅប្រាសាទតាមាន់ និងការផ្សព្វផ្សាយនានាធ្វេីឲ្យប៉ះពាល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ ចេញពីប្រព័ន្ធបណ្តាញសង្គមទាំងអស់។
លោកស្រី បានសន្យាដូចតទៅ៖
*១៖ សូមលុបរាល់រូបភាព និងវិដេអូណាដែលប៉ះពាល់ដល់ប្រពៃណី ទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា សណ្តាប់ធ្នាប់សង្គម និងភាពថ្លៃថ្នូររបស់សង្គមជាតិ តាមបណ្តាញសង្គមទាំងអស់។
*២៖ សូមអំពាវនាវដល់បងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាកុំយករូប ភាព និងវិដេអូ របស់លោកស្រី ទៅត្រូល ទៅបង្ហោះបន្ត នៅតាមបណ្តាញសង្គមគ្រប់ប្រភេទ និងសូមជួយលុបនូវរាល់រូបភាព និងវិដេអូរបស់លោកស្រីទាំងអស់ចេញវិញផង។
*៣៖ បើបងប្អូននៅតែបន្តថតចម្លងបង្ហោះចែកចាយតទៅទៀត លោកស្រីមិនទទួលខុសត្រូវឡើយ ហើយបងប្អូនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានដោយខ្លួនឯង។
* ៤៖ លោកស្រីមិនបានតាំងខ្លួនព្រះនាមឥន្ទ្រទេវី និងផ្លូវបារមីយកទៅបោកប្រាស់នរណាម្នាក់ក្នុង បណ្តាញសង្គមហ្វេសបុកនោះទេ។
លោកស្រី អេន ចរិយា ក៏បានសន្យាគោរពអនុវត្តទៅតាមច្បាប់ ពុំដូច្នោះទេ នាងខ្ញុំព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕