(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ចំណុះឲ្យរចនាសម្ព័ន្ធសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ។

លោក នួន ផារ័ត្ន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមគ្នាអភិវឌ្ឍន៍ខេត្តកំពង់ធំ ទទួលបានការរីកចម្រើនលេចចេញនូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់។

លោកបានក្រើនរំលឹកដល់មន្ត្រីខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពបន្ថែមទៀត ត្រូវមានស្មារតីការងារជាក្រុម គោរពវិន័យការងារ និងខិតខំសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀត ដូចជា បច្ចេកវិទ្យា វិទ្យាសាស្ត្រ ប្រកបដោយនវានុវត្តន៍។ លោកបានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវធ្វើការជាក្រុម ដែលមានការសហការសាមគ្គីភាពគ្នាល្អ គោរពទៅតាមសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល។

ដើម្បីឆ្លើយតប និងការផ្តល់សេចក្តីទុកចិត្តពីថ្នាក់ដឹកនាំ លោកស្រី ភឿន ធារី ទើបទទួលបានការតែងតាំងមុខតំណែងថ្មី បានឡើងផ្តាច់ជ្ញាចិត្ត ខិតខំបំពេញការងារដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងយកអស់កម្លាំកាយ បញ្ញាញាណ និងបញ្ញាស្មារតី ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត ឲ្យកាន់តែសកម្មខ្លាំងខ្លាថែមទៀត។

សូមជម្រាបថា ពិធីនេះបានប្រកាសចូលកាន់មុនតំណែងថ្មី ចំនួន៨រូប និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការ ចំណុះឲ្យរចនាសម្ព័ន្ធសាលាខេត្តមានចំនួន៥៦រូប៕