(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ Matichon បានអះអាងថា រដ្ឋាភិបាលមិនបានបិទច្រកចេញចូលព្រំដែនជាមួយប្រទេសកម្ពុជានោះឡើយ និងបានច្រានចោលព័ត៌មានប្រឌិតដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

លោក ចិរ៉ាយុ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានគូសបញ្ជាក់ថា ក្រោយហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពថៃ-កម្ពុជា រដ្ឋាភិបាលថៃមិនបានបិទច្រកទ្វារព្រំដែនណាមួយនោះទេ ពោលប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចបន្ដធ្វើដំណើរបានដូចធម្មតា។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងជឿតាមការចេញផ្សាយព័ត៌មានប្រឌិត ដោយត្រូវរង់ចាំការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាលថៃ។

ការចេញមកបញ្ជាក់ការពិតនេះ ដើម្បីឆ្លើយតបជាមួយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ជាមួយភាគីកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន។

ដោយឡែក លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានឆ្លើយឆ្លងជាមួយមន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានអះអាងថា រហូតមកទល់ពេលនេះមិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃចុះផ្សាយនោះឡើយ។

មន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានប្រាប់លោក គឹម សុវណ្ណា ទៀតថា ភាគីថៃក៏ពុំមានបទបញ្ជាពីថ្នាក់លើឲ្យបិទច្រកទ្វារណាមួយនោះដែរ។ នេះបើយោងតាមលិខិតរបស់លោក គឹម សុវណ្ណា ដែលបានផ្ញើទៅកាន់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ៕