(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើដល់កុមារដែលកំពុងរស់នៅអង្គការ «ផ្ទះបាយកុមារ» ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងស្តាប់បង្គាប់ឪពុកម្តាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាធនធានមានប្រយោជន៍សម្រាប់សង្គមជាតិ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយកុមារ និងរៀបចំពិធីខួបកំណើតរួមគ្នា នៅផ្ទះបាយកុមារ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានបង្ហាញក្ដីសប្បាយរីករាយដែលបានឃើញស្នាមញញឹមរបស់កុមារទាំង៦០០នាក់ ក្នុងកម្មវិធី ថ្ងៃកំណើតរួម ដែលតែងតែធ្វើជារៀងរាល់ឆ្នាំមកជាង១០ឆ្នាំហើយ។

លោក ហ៊ុន ម៉ានី បានអះអាងទៀតថា «ប៉ាមិនទៅណាចោលកូនទេ ហើយពូមីងបងៗ ក្រុមគ្រួសារ ស.ស.យ.ក. និងសប្បុរសជននានានៅតែបន្តការចូលរួមឧបត្ថម្ភគាំទ្រកូនៗ តាមរយៈអង្គការផ្ទះបាយកុមារ តាមគ្រប់មធ្យោបាយ»

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមចំណែក ដើម្បីកុមាររបស់យើង ទាំងនៅអង្គការផ្ទះបាយ និងមណ្ឌលកុមារនានា ដែលនេះជាការផ្តល់ឱកាស និងក្តីស្រលាញ់ដល់កូនៗទាំងអស់ឲ្យពួកគេបានរីកធំធាត់ក្លាយខ្លួនជាពលរដ្ឋល្អ សម្រាប់ប្រទេសជាតិ៕