(ភ្នំពេញ)៖ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញជោគជ័យក្នុងការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ មានការចូលរួមចំណែកជ្រោមជ្រែងរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «លទ្ធផលទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីនិងជប៉ុន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត» ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លើកិច្ចការងារនិងតួនាទីរបស់កម្ពុជា ក្នុងការជួយជ្រោមជ្រែងប្រទេសទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ, លោក យូ ណារ៉ូ បានមានប្រសាសន៍ថា កម្ពុជាបានព្យាយាមខ្លាំងណាស់ក្នុងកិច្ចការនេះ ព្រោះកម្ពុជាជាកូនពៅនៅក្នុងសមាជិកអាស៊ាន ប៉ុន្តែនឹងផ្ទេរតំណែងនេះទៅប្រទេសទីម័រឡេស្តេឆាប់ៗខាងមុខ។

លោករដ្ឋមន្ត្រីប្រតិភូ បានថ្លែងបន្តថា ដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែគាំទ្រប្រទេសទីម័រ។ បន្ថែមពីនេះ សម្ដេចនាយករដ្ឋមន្ត្រី តែងតែស្វះស្វែងជួបជាមួយមេដឹកនាំអាស៊ានគ្រប់វេទិកា ដើម្បីបញ្ចុះបញ្ចូលឱ្យអាស៊ានអនុញ្ញាតទីម័រឡេស្តាក្លាយជាសមាជិកពេញសិទ្ធិ។

«នៅតំបន់អាស៊ី, សម្ដេចតេជោ បានទទួលងារជារដ្ឋបុរសនៃតំបន់អាស៊ីអាគ្នេយ៍ ដោយភាពប៉ិនប្រសព្វថ្វីមាត់របស់សម្ដេច ធ្វើឱ្យមានការគោរពពីមេដឹកនាំអាស៊ាន ដូច្នេះសម្ដេចតេជោ បានបន្តជួយទីម័រឡេស្ដេដោយភាពអំណត់ ដ្បិតសម្ដេចមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់»។ នេះបើតាមការលើកឡើងរបស់លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ សម្ដេចមហាបវរធិបតី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដោយបង្ហាញពីជំហរគាំទ្ររបស់កម្ពុជា នៃសមាជិកភាពពេញលេញរបស់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៥នេះ។ ជាលទ្ធផល សមាជិកអាស៊ានទាំងអស់ បានគាំទ្រជាឯកច្ឆន្ទសម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ប្រទេសទីម័រឡេស្តេ តាមរយៈការចូលរួមចំណែកជ្រោមជ្រែងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៕