(ឧត្តរមានជ័យ)៖ ស្ថានភាពច្រកព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ បានបើកដំណើរការជាធម្មតា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៥ ខណៈប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២ ចេ​ញចូល និងឆ្លងកាត់ដោះដូរទំនិញគ្នា ដោយគ្មានបញ្ហាអ្វីឡើយ។​

សូមបញ្ជាក់ថា សម្រាប់ខេត្តឧត្តរមានជ័យ មានច្រកអន្តរជាតិចំនួន៣ ជាប់ជាមួយប្រទេសថៃរួមមាន៖ ច្រកព្រំដែនអន្តរជាតិ «ជាំ» ស្ថិតក្នុងស្រុកអន្លង់វែង ច្រកព្រំដែនអន្តរជាតិ «អូរស្មាច់» ស្ថិតក្នុងក្រុងសំរោង និងច្រកព្រំដែនអន្តរជាតិ «ជប់គរគី» ស្ថិតក្នុងស្រុកបន្ទាយអំពិល។​

លោក រ៉ែម ផល្លាវី ប្រធានច្រកអន្តរជាតិ «ជាំ» បានថ្លែងប្រាប់ឱ្យដឹងថា នៅព្រឹកនេះច្រកអន្តរជាតិជាំ បើកដំណើរការជាធម្មតា អត់មានការបិទដូចពាក្យចចាមអារាមនោះទេ។​ លោកថា សម្រាប់ច្រកកអន្តរជាតិជាំ បើកជូនប្រជាពលរដ្ឋឆ្លងកាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ គឺជាថ្ងៃណាត់ដោះដូរទំនិញគ្នា រវាងប្រជាពលរដ្ឋជាប់ព្រំដែននៃប្រទេសទាំង២។​ សរុបជារួម ច្រកព្រំដែនអន្តរជាតិទាំង៣ នៃខេត្តឧត្តរមានជ័យ គឺបើកដំណើរការឆ្លងកាត់ជាធម្មតា៕