(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្ញើលិខិតអបអរសាទរជូន សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលមានខ្លឹមសារបកប្រែក្រៅផ្លូវការ ដូចខាងក្រោម៖

«ខ្ញុំសូមចូលរួមអបអរសាទរអស់ពីដួងចិត្តចំពោះការប្រោសព្រះរាជទានគោរមងារកិត្តិយសកម្រិតខ្ពស់បំផុតជា “សម្តេច ឥស្សរវិទេសបញ្ញា” ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេច កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ សម្រាប់ការទទួលស្គាល់ពីការចូលរួមចំណែកដ៏មហិមា និងការលះបង់ពេញមួយជីវិតរបស់សម្តេចចំពោះព្រះរាជាណាចក្រកម្ពុជា ។

កេរដំណែលរបស់សម្តេច ក្នុងនាមជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា គឺផ្សាភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងប្រវត្តិនៃសមាហរណកម្មរបស់អាស៊ាន។ នៅក្រោមការដឹកនាំរបស់សម្តេច ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ជាមូលដ្ឋានសម្រាប់ការចូលរួមយ៉ាងសកម្ម និងក្នុងន័យស្ថាបនា នៅក្នុងដំណើរការកសាងសហគមន៍អាស៊ាន។

តួនាទីដ៏សំខាន់របស់សម្តេច ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០០២ និងឆ្នាំ២០១២ របស់កម្ពុជា ក៏មានសារៈសំខាន់ដូចគ្នាផងដែរ។ ភាពស្ទាត់ជំនាញផ្នែកការទូត និងភាពជាអ្នកដឹកនាំដ៏រឹងប៉ឹងរបស់សម្តេច គឺជាមធ្យោបាយក្នុងការពង្រឹងមជ្ឈភាពអាស៊ាន សមាហរណកម្មក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍។

នៅក្រោមការគ្រប់គ្រងរបស់សម្តេច ទំនាក់ទំនងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ត្រូវបានពង្រឹង ហើយកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើងគួរឱ្យកត់សម្គាល់។

ការប្រោសព្រះរាជទានគោរមងារនេះ គឺជាសក្ខីភាពចំពោះការបម្រើជាសាធារណៈដ៏ឧត្តុងឧត្តមរាប់ទសវត្សរ៍ ការចូលរួមចំណែកដ៏សំខាន់ និងការប្តេជ្ញាចិត្តឥតងាករេរបស់សម្តេចចំពោះប្រទេសកម្ពុជា។

ខ្ញុំសូមគោរពជូនពរសម្តេច មានសុខភាពល្អ និងទទួលបានជោគជ័យនៅក្នុងតួនាទីបម្រើព្រះករុណាព្រះមហាក្សត្រ និងប្រជាជនកម្ពុជា។

សូមសម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕