(ព្រះសីហនុ)៖ លោក អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងនាំយកអង្ករចំនួន៣តោន និងថវិកាមួយចំនួនផងដែរដើម្បីឧបត្ថម្ភសម្រាប់ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលជួបការលំបាកនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ។

ក្នុងឱកាសនេះលោក អេង ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកងទ័ពដែលកំពុងប្រចាំការនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងគ្រួសារអតីតយុទ្ធជនទាំងអស់គ្នា ដែលអនុវត្តបានយ៉ាងម៉ឺងម៉ាត់តាមវិន័យ និងបទបញ្ជានានារបស់រាជរដ្ឋាភិបាលក្នុងការការពារនូវសន្តិភាព រក្សាបាននូវស្ថិរភាពទូទាំងផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ក៏បានថ្លែងអំណរគុណដល់លោក អេង ចំរើន ដែលបានគិតគូរយកចិត្តទុកដាក់ ពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនកងទ័ព និងអតីតយុទ្ធជននៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះទៀតសោត ឧត្តមសេនីយ៍ត្រី បានសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលតែងតែព្រួយបារម្ភនឹករលឹកដល់កងទ័ព និងគ្រួសារអតីតយុទ្ធជនគ្រប់រូប និងសូមគោរពបួងសួងជូនពរជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបតែនិងពុទ្ធពរគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕