(កំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក អេង ទូច សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងស្ទឹងសែន តំណាងលោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងកែលម្អទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងសែន ដែលមានទីតាំងស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
គម្រោងសាងសង់ និងកែលម្អទីស្នាក់ការគណបក្សក្រុងស្ទឹងសែននេះ ទទួលបានការឧបត្ថម្ភថវិកាផ្ទាល់ពីសំណាក់លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បីជំនួសឱ្យទីស្នាក់ការចាស់ ដែលបច្ចុប្បន្នមានសភាពទ្រុឌទ្រោម តូចចង្អៀត និងដើម្បីឱ្យមានភាពស័ក្កិសម ហើយអាចឆ្លើយតបបានទៅនឹងសំណូមពរចាំបាច់នៃការងារគណបក្ស ប្រកបដោយប្រសិទ្ធភាព។
គម្រោងសាងសង់ និងកែលម្អទីស្នាក់ការគណបក្សក្រុងស្ទឹងសែននេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ សំដៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយខេត្តកំពង់ធំជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។