(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោក គង់ ច័ន្ទវាសនា បានអញ្ជើញពិនិត្យ វឌ្ឍនភាពការ សាងសង់ទីស្នាក់ការគណបក្សស្រុកព្រះនេត្រព្រះ ដែលគិតត្រឹមពេលនេះ សម្រេច បានជាង៨០% និងគ្រោងបញ្ចប់នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ស្នាក់ការគណបក្សថ្មីនេះ ចាប់ផ្តេីម ការសាងសង់ចាប់ពីខែមករា ឆ្នាំ២០២៥ មក ដោយមានការចង្អុលបង្ហាញពីលោក ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងការគាំទ្រពីលោម កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដោយថវិកាសាងសង់ទទួលបានពីការចូលរួម វិភាគទានរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានទាំងអស់។

ក្នុងនាមជាប្រធានក្រុមការងារ លោកបានគូស បញ្ជាក់ថា ការសាងសង់ស្នាក់ការ ថ្មីនេះ គឺដេីម្បីថ្លែងអំណរ គុណដល់សមាជិក សមាជិកាគណបក្សនៅទូទាំងស្រុកព្រះនេត្រព្រះ សម្រាប់ការគាំទ្រយ៉ាងរឹងមាំនាពេលកន្លងមក ក៏ដូចជាដេីម្បីបង្ហាញឱ្យឃេីញនូវការផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតរវាងក្រុមការងារ ថ្នាក់កណ្តាល និងមូលដ្ឋាន ផងដែរ ។

អគារស្នាក់ការថ្មីប្រកបដោយក្បាច់រចនាបែបសាមញ្ញនេះ នឹងក្លាយជាកន្លែងជួបជុំដ៏សុខដុមរមនា និងតំណាងឱ្យកម្លាំងសាមគ្គីភាពដ៏រឹងមាំ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ទាំងក្នុងពេលអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល៕