(ព្រះវិហារ)៖ អំណោយរបស់ក្រុមការងារយុវជនគណបក្សនៅរដ្ឋញូជើសុី សហរដ្ឋអាមេរិក ត្រូវបាននាំមកចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។
លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ បានថ្លែងឱ្យដឹងថា អំណោយដែលនាំមកចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋ ឃុំរំដោះ ស្រុករវៀង នាពេលនេះ គឺជាអំណោយរបស់លោក សាន់ នីសែម ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋញូជើសុី សហរដ្ឋអាមេរិក តាមរយៈលោក ស្រី កុសល ជាប្រធានយុវជនឃុំ។
លោក ហោ ប៊ុនហួរ ក្នុងនាមប្រជាពលរដ្ឋ សិស្សានុសិស្ស ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ដែលទទួលបានអំណោយនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាន់ នីសែម ប្រធានក្រុមការងារយុវជនគណកម្ពុជា នៅរដ្ឋញូជើសុី សហរដ្ឋអាមេរិក ដែលបានគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត ស្របតាមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារបស់យើង។
នៅក្នុងឱកាសនេះដែរ លោក សាន់ នី សែម បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលកំពុងមានវត្តមាននៅទីនេះ។
លោក សាន់ នីសែម បានថ្លែងបញ្ជាក់ទៀតថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរ មានឈាមជ័រជាខ្មែរ ទោះទៅដល់ទីណា រស់នៅទីណា គឺមិនអាចបំភ្លេចបានឡើយនៅទឹកដីកំណើតរបស់ខ្លួន ប្រជាជនរបស់ខ្លួន។ ដោយអនុវត្តតាមប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជារបស់យើង គឺសម្តេចតេជោ ហ៊ុន សែន ថ្ងៃនេះលោកបាននាំថវិកា សម្ភារៈ មួយចំនួនមកចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅទីនេះ។
អំណោយដែលចែកជូនសិស្សានុសិស្សចំនួន២២៧នាក់ ក្នុងម្នាក់ទទួលបានប៊ិក១ដើម, សៀវភៅ២ក្បាល, ថវិកា៥០០០រៀលរៀល លោកគ្រូ អ្នកគ្រូ៨នាក់ ក្នុងម្នាក់ៗថវិកា២០០០០រៀល, ប្រជាការពារ៦នាក់ក្នុងម្នាក់ៗថវិកា២០០០០រៀល ប្រជាពលរដ្ឋចំនួន២៥៦គ្រួសារ ក្នុង១គ្រយសារៗទទួលបានអង្គរ៥គីឡូក្រាម សារុង១ និងថវិកាមួយចំនួន សម្រាប់ចាស់ៗទទួលបានវ៉ែនតាមួយផងដែរ។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញចុះសួរសុខទុក្ខកងទ័ពកងពលលេខ៩ ចំនួន១៥០នាក់ ចែកជូនថវិកាម្នាក់ៗ២០០០០រៀល ចូលបុណ្យសពថវិកាចំនួន៦០មុឺនរៀលចំនួន៣សព និងជូនកងកងនគរបាលការពារព្រំដែនលេខ១០៥ ថវិកា១លានរៀលផងដែរ៕