(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា កុមារ គឺជាធនធានមនុស្សមិនអាចខ្វះបាន ដើម្បីអភិវឌ្ឍន៍ជាតិ ដូច្នេះ សូមឪពុក ម្តាយ និងអាណាព្យាបាលទាំងអស់ជួយជំរុញកូនៗឱ្យសិក្សារហូតចប់ចុង ចប់ដើម និងអនុវត្តសិទ្ធិ ទប់ស្កាត់អំពើហិង្សាលើកុមារ។

តាមរយៈនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ស្នើដល់អាណាព្យាបាល ឳពុក ម្តាយ របស់សិស្សានុសិស្សទាំងអស់ជំរុញឱ្យកូនៗបានទៅសិក្សារៀនសូត្រ បើសិនជាឱ្យកូន ចៅបោះបង់ការសិក្សានឹងជួបការលំបាករយៈពេលយូរ តែបើសុខចិត្តទ្រាំលំបាករយៈពេលខ្លីក្នុងការសិក្សារៀនសូត្រនឹងទទួលបានចំណេះ ដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ និងសង្គមជាតិ។

លោករដ្ឋមន្ត្រី បានថ្លែងថា ការវិនិយោគទៅលើកុមារ គឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ ព្រោះប្រទេសជាតិត្រូវការធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោក និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងសប្បុរសជន បានអញ្ជើញចែកកាបូប សម្ភារៈសិក្សា ដបទឹក នំ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់សិស្សានុសិស្សជិត៤០០នាក់ នៅសាលាបឋមសិក្សាដំរីផុង ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ ការផ្តល់ផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រឡាញ់គ្រប់ៗគ្នា។

«ការប្រឹងប្រែងរៀនសូត្រឱ្យមានចំណេះ និងជំនាញមួយពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំនៃធនធានមនុស្សរបស់ជាតិ។ ប្រសិនបើយើងមានការលំបាកឱ្យកូនៗឈប់រៀននោះនឹងធ្វើឱ្យគ្រួសារស្រួលរយៈពេលខ្លី ប៉ុន្តែជួបលំបាកនៅក្នុងរយៈពេលវែង ធ្វើឱ្យជីវភាពគ្រួសារកាន់តែលំបាកឡើងៗ»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈយ៉ាងមោះមុតក្នុងការដោះស្រាយបញ្ហាកុមារ និងធ្វើឱ្យស្ថានភាពសុខុមាលភាពកុមារនៅកម្ពុជា កាន់តែល្អប្រសើរជាលំដាប់រួមជាមួយនឹងកិច្ចសហការពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីជាច្រើនក្នុងការលើកកម្ពស់សុខុមាលភាពកុមារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីមាតាបិតា ក្រុមគ្រួសារ និងសហគមន៍ចំពោះបុត្រធីតា ជាទីស្រឡាញ់ផងដែរ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ដូច្នេះ បងប្អូនសូមជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណប្រជាជនកម្ពុជា គឺបានពង្រឹងទៅលើគោលការណ៍ប្រឡងជ្រើសរើសមន្ត្រីរាជការដែលមានសមត្ថភាព ពោលគឺអ្នកមានចំណេះដឹងនឹងត្រូវមានឱកាសដើម្បីទទួលបានការងារល្អ ដោយមិនមែនជ្រើសរើសតែកូនចៅអ្នកមានធន់ធាននោះទេ។

លើសពីនោះទៀត លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងថា នៅក្នុងគ្រប់ដំណាក់កាលទាំងអស់ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក «ធនធានមនុស្ស» ជាវិស័យអាទិភាពចម្បងបំផុត ហេតុនេះហើយការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការលើកកម្ពស់ធនធានមនុស្សនេះ ក៏ជាស្នូលនៃគោលដៅរបស់គោលនយោបាយជាតិ ស្តីពីការអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការបង្កើនបាននូវកម្លាំងពលកម្ម នៅកម្ពុជា ប្រកបដោយចំណេះដឹងសមត្ថភាពជំនាញឥរិយាបថការងារសីលធម៌វិជ្ជាជីវៈផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រប់ការងារពេញមួយជីវិត៕