(ព្រះវិហារ)៖ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោក ជា សុខហេង គ្រូចាប់សរសៃ និងលោកស្រី សួន ផល្លា, លោក តាន់ យុកគ្រុយ និងលោកស្រី អៀប សុភាព បាននាំថវិកា សម្ភារ យកមកប្រគល់ជូមដល់កងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្ស ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ។

ការចូលរួមឧបត្ថម្ភថវិការបស់លោក ជា សុខហេង និងភតិយា គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតនៅក្នុងឱកាសនេះ លោក ជា សុខហេង គ្រូចាប់សរសៃដ៍ល្បី និងភរិយា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ បើតាមការគ្រោងទុក លោក ជា សុខហេង និងភរិយា និងបន្តនាំអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៧​នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខផងដែរ៕