(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូតមួយច្បាប់ទៅកាន់ស្ថានទូតថៃប្រចាំនៅកម្ពុជា ពាក់ព័ន្ធការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ។ ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែង​ការតវ៉ាយ៉ាងខ្លាំង​ប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង​អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ​ភាពទឹកដី​របស់​កម្ពុជា។

តាមរយៈកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានរៀបរាប់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥៖៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែងរបស់កម្ពុជា ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឱ្យស្លាប់ទាហានខ្មែរដោយអយុត្តិធម៌។

ក្នុងកំណត់ទូត បានបញ្ជាក់ថា កងទ័ពព្រំដែនកម្ពុជាបានឈរជើង​ជាបន្ត​បន្ទាប់ និងដោយសន្តិវិធីនៅទីតាំងនេះតាំងពីយូរយារណាស់មកហើយ គឺ​តាំង​ពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា​ស្តីពី​ការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលថៃក្នុងឆ្នាំ២០០០។

ក្នុងកំណត់ទូតនេះ ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋា​ភិ​បាល​កម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការវាយ​ប្រហារដោយ​អាវុធ​របស់កងទ័ពថៃយ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិប​តេយ្យ​ភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នក​ជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុង នៅក្នុងអនុស្សារណៈនៃការយោគ​យល់​គ្នាឆ្នាំ២០០០។

ក្នុងកំណត់ទូត បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យ​មានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយ បុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែ​នាំ​មកផ្តន្ទាទោសតាមច្បាប់។

បើទោះយ៉ាងណា ក៏កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់​ក្នុងការ​រក្សា​ការ​អត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាម​រយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមាន​ស្រាប់ រួមមានគណៈកម្មាធិការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណង​កសាង​ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាពជាមួយប្រទេស​ថៃ និងប្រទេសជិតខាង៕